គណបក្សនយោបាយ៣ យកករណីលោក កែម ឡី មកឃោសនា

0
184

ខណៈយុទ្ធនាការឃោសនាបោះឆ្នោតកំពុងបន្តស្របពេលខួប២ឆ្នាំនៃថ្ងៃស្លាប់របស់លោក កែម ឡី មានគណបក្សនយោបាយចំនួន ៣ បានសន្យាស្វែងរកយុត្តិធម៌ឲ្យ កែម ឡី ប្រសិនបើពួកគេឈ្នះឆ្នោត ។

១-លោក កែម រិទ្ធិសិត ប្រធានគណបក្ស «ខ្មែរតែមួយ» បានថ្លែងថា គណបក្សលោកបានដាក់បញ្ចូលការស្វែងរកយុត្តិធម៌សម្រាប់លោក កែម ឡី ក្នុងគោលនយោបាយរបស់បក្ស ។ «គំនិតសំខាន់គឺបន្តរកយុត្តិធម៌ជូនលោក កែម ឡី។ ពេលគាត់ស្លាប់ទៅមានតែ អឿត អាង មួយដែលក្រសួងមហាផ្ទៃបានចាប់។ អឿត អាង សារភាពច្បាស់លាស់ តែប្រជាជនមិនសុខចិត្តទេ មិនទទួលយកទេ ទាំងក្រុមគ្រួសារ និងប្រជាជនទាំងអស់…»។

២-លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាក៏បានអះអាងថា៖ «យើងប្រកាសជំហរស្វែងរកយុត្តិធម៌ ស្វែងរកឃាតករពិតដែលបានធ្វើការបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី ស្លាប់កណ្ដាលក្រុងភ្នំពេញឲ្យខាងតែបាន ។ យើងកុំបង្កើតនូវឃាតករក្លែងក្លាយ ។ យើងទាមទារឲ្យតុលាការស្វែងរកឃាតករពិតប្រាកដ ហើយដាក់ទោសឲ្យសមនឹងអំពើរបស់ខ្លួន ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធតុលាការនៅកម្ពុជា» ។ លោកមិនជឿថា ជួប សម្លាប់ គឺជាឃាតករពិតទេ។

៣-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានយកគោលគំនិតរបស់លោក កែម ឡី ដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់ខ្លួនហើយក៏នឹងបន្តស្វែងរកយុត្តិធម៌ជូនអ្នកវិភាគរូបនេះផងដែរ។ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សនេះថ្លែងថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃអង្គារនេះ GDP នឹងថ្លែងសាររំឭកខួបនៃការបាញ់សម្លាប់លោក កែម ឡី នៅវត្តចាស់ ។ ដើម្បីរកយុត្តិធម៌ជូនលោក ឡី បាន GDPនឹងរៀបចំប្រព័ន្ធអភិបាលកិច្ចឲ្យបានល្អធ្វើម៉េចឲ្យមានតុលាការមួយ ដែលឯករាជ្យប្រកបដោយវិជ្ជាជីវៈទើបយើងអាចស្វែងរកការពិតលើឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី។ យើងចង់កែទម្រង់ទ្រង់ទ្រាយធំលើប្រព័ន្ធអភិបាលកិច្ចទាំងមូល ៕

អ្នកតាមដានសភាពការណ៍ឃោសនាបោះឆ្នោតបាននិយាយថា ការដែលគណបក្សនយោបាយទាំងនេះលើកយកខ្មោចលោកកែម ឡីមកឃោសនាបែបនេះ​​ គឺគ្រាន់តែជាការបោកបន្លំម្ចាស់ឆ្នោតតែ ប៉ុណ្ណោះ ពីព្រោះថាករណីនេះត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសជនដៃដល់ឈ្មោះ អឿត អាងហៅជួប សម្លាប់ឲ្យជាប់ពន្ធនាគារមួយជីវិតហើយ៕

Facebook Comments