គណបក្សនយោបាយ៣ មិនទាន់ជាប់ឆ្នោតផង ហ៊ានសន្យាល្មើសច្បាប់ទៅហើយ

0
227

ភ្នំពេញ៖ ខណៈយុទ្ធនាការឃោសនារកសំឡេងឆ្នោតកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស យ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន៣ បានបង្ហាញពីមហិច្ឆតាក្នុងការបញ្ចប់ «វិបត្តិនយោបាយ» រវាងគណបក្សកាន់អំណាច និងអតីតគណបក្សសង្គ្រោះជាតិតាមរយៈការសន្យាដោះលែង ឬពិនិត្យឡើងវិញចំពោះ «អ្នកទោសនយោបាយ» ឬអ្នកទោសមនសិការពីពន្ធនាគារប្រសិនបើខ្លួនទទួលបានជោគជ័យក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា៖

១-គណបក្សប្រជាប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានសរសេរនៅក្នុងសៀវភៅបៃតងរបស់ខ្លួនស្ដីពីការបង្កើត «គោលនយោបាយបង្រួបបង្រួមជាតិ» ដែលឈានទៅដល់ការដោះលែង «អ្នកទោសនយោបាយ» ទាំងអស់ប្រសិនបើខ្លួនឈ្នះឆ្នោត ។ លោក សាម អ៊ីន អ្នកនាំពាក្យ GDP ថ្លែងថា យើងនឹងដោះលែងលោក កឹម សុខា យើងនឹងដោះលែងអ្នកទោស មនសិការ អ្នកទោសនយោបាយរួមទាំងសកម្មជនដីធ្លីដូចជាអ្នកស្រី ទេព វន្នី ជាដើម ។ យើងនឹងបើកសិទ្ធិសេរីភាពឲ្យអតីតអ្នកនយោបាយគណបក្សសង្គ្រោះជាតិទាំង ១១៨ នាក់ហ្នឹងមានសិទ្ធិធ្វើនយោបាយឡើងវិញ ។ គោលនយោបាយបង្រួបបង្រួមជាតិមានចែង ២ ចំណុចសំខាន់ គឺ ១ បង្កើត «រដ្ឋាភិបាលសាមគ្គីជាតិ» នៅពេល GDP ឈ្នះឆ្នោតតាមរយៈការអញ្ជើញបក្សដទៃដែលមានអាសនៈនៅក្នុងរដ្ឋសភាឲ្យចូលរួម និងទី ២ បង្កើត «ឧត្តមក្រុមប្រឹក្សាកសាងជាតិ» ដែលនឹងអញ្ជើញអតីតនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ទៅធ្វើជាសមាជិកនៅឧត្តមក្រុមប្រឹក្សានេះ ដែលទទួលបានអភ័យឯកសិទ្ធិពិសេសដោយពុំមានការរំខានពីផ្លូវច្បាប់ ។ យើងនឹងអញ្ជើញអតីតអ្នកនយោបាយជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិដូចជាលោកប្រធាន កឹម សុខា លោកប្រធាន សម រង្ស៊ី ក៏អាចក្លាយជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាកសាងជាតិឲ្យពួកគាត់អាចរៀនជជែកគ្នានៅក្នុងឧត្តមក្រុមប្រឹក្សាកសាងជាតិ ហើយផ្តល់ជាគំនិតយោបល់ដល់នាយករដ្ឋមន្ត្រីគឺលោក យ៉ង សាំងកុមារ ។ ខ្ញុំសូមអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់រួមទាំងអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិសូមមេត្តារួមគ្នាទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។ យើងកុំដេកផ្ទះ យើងកុំអស់សង្ឃឹមត្រូវមានក្ដីសង្ឃឹមសម្រាប់លទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយនៅស្រុកខ្មែរ»។

២-លោក គង់ មុនីកា ប្រធានគណបក្សឆន្ទះខ្មែរ ដែលទើបត្រូវបានសមាជបក្សគាំទ្រជាបេក្ខជននាយករដ្ឋមន្ត្រីអះអាងថា បក្សរបស់លោកនឹងចរចាដោះលែង «អ្នកទោសមនសិការ» និងទម្លាក់ចោលការចោទប្រកាន់ប្រឆាំងអតីតមេបក្សប្រឆាំងលោក កឹម សុខា បើខ្លួនទទួលបានជោគជ័យក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ ។ លោក គង់ ម៉ូនីកា ថ្លែងថា យើងនឹងឈានទៅប្រើប្រាស់ជ័យជម្នះរបស់យើង ដែលឈានទៅដល់ការដោះស្រាយបញ្ហានយោបាយដែលជាប់គាំងកន្លងមក ។ ដោះស្រាយទម្លាក់ចោលការចោទប្រកាន់នានាទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ និងការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការផ្សេងៗទៀត ។ ចំណុចទាំងអស់នេះគឺអាចធ្វើទៅបានលុះត្រាគណបក្សឆន្ទៈខ្មែរទទួលបានជ័យជម្នះ» ។ យើងចង់ក្លាយខ្លួនទៅជាកូនសោ ក្នុងការដោះស្រាយនូវវិបត្តិនយោបាយនៅកម្ពុជាឲ្យបានក្នុងឆ្នាំ ២០១៨ នេះ ។

៣-លោក កែម រិទ្ធិសិត ប្រធានគណបក្ស ខ្មែរតែមួយ បានថ្លែងថា៖ «ចំពោះលោកប្រធាន កឹម សុខា គឺគាត់ត្រូវបានតុលាការចោទប្រកាន់ចាប់ដាក់គុក ដោយអត់ទាន់ដឹងមូលហេតុពិតប្រាកដ ដូច្នេះយើងត្រូវតែពិនិត្យសាឡើងវិញ» ។ លោក រិទ្ធិសិត បានអំពាវនាវឲ្យពលរដ្ឋម្ចាស់ឆ្នោតរួមទាំងអតីតអ្នកគាំទ្រគណបក្សប្រឆាំងឲ្យបោះឆ្នោតឲ្យគណបក្សរបស់លោកដែលមានលេខរៀងទី ១៩ នៃសន្លឹកឆ្នោត។ លោកក៏ប្តេជ្ញាទប់ស្កាត់មិនឲ្យមានសង្គ្រាមណាមួយកើតឡើងនៅកម្ពុជាជាដើម ។

អ្នកវិភាគនយោបាយបាននិយាយាថាខ្លឹមសារឃោសនារបស់គណបក្សទាំងនេះ មានចរិតប្រជាភិថុត និងបោកប្រាស់។ កម្ពុជាជាប្រទេសនិតិរដ្ឋ គ្មានអ្នកណាអាចរំលោភបំពានបានឡើយ ។ ទាំងអស់គ្នាត្រូវតែគោរពច្បាប់ដាច់ខាតមិនអាចធ្វើអ្វីមួយដែលបំពានច្បាប់បានទេ៕

Facebook Comments