ទស្សនៈកូនខ្មែរ៖ គំនិតអញនិយមរបស់ សម រង្ស៊ី ជាគ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា!

0
148

(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ លោក សម រង្ស៊ី ដែលប្រកាន់យកគំនិតជ្រុលនិយម អញនិយម និងពោរពេញដោយគំនុំសងសឹក មិនបានកែប្រែអត្តចរិតសូម្បីតែបន្តិចបើទោះបីជាគំនិត នយោបាយបែបនេះបាន រុញច្រានរូបគាត់ឲ្យអស់ដីនៅ និងក្លាយជាអ្នកនយោបាយឧទ្ទាមក្រៅច្បាប់ទៅហើយក្តីក៏ជំងឺតួឯកនៅតែមិនអាចព្យាបាល បានដដែល។ ភាពងប់ងល់ទៅនឹងគំនិតអញនិយម «បើមិនបានអញ អ្នកណាក៏មិនបាន» ហើយ «បើមានឯងអត់អញ់ បើមានអញ់អត់ឯង» កំពុងរុញច្រានលោក សម រង្ស៊ី ឲ្យទៅរកមាត់ជ្រោះមរណៈ នៃអាជីពនយោបាយរបស់ខ្លួនហើយ។ ទៅកាន់ជ្រោះមរណៈតែម្នាក់ឯងមិនជាថ្វីទេ តែលោក សម រង្ស៊ី ចង់អូសទាញប្រទេស ទាំងមូលយកទៅជាមួយដែរពីព្រោះតែគាត់គិតថា បើគាត់ មិនបានកាន់អំណាចទេ អ្នកដទៃក៏មិនបានសុខដែរ។ នេះជាគំនិតជ្រុលនិយមដ៏សាហាវមិនខុសទៅ នឹងពួកភេរវជនដែល មិនសុខចិត្តស្លាប់តែម្នាក់ឯងទេប៉ុន្តែ បំណាច់នឹងស្លាប់ត្រូវឲ្យអ្នកដទៃស្លាប់ទៅជាមួយខ្លួនដែរ។

មើលចុះសាររបស់ជនជ្រុលនិយមរូបនេះ បាន បង្ហាញយ៉ាងច្បាស់ពីសារជាតិ របស់គាត់ដែលមានឈាមជ័រជាជនក្បត់ជាតិ។ ខណៈដែលគណបក្សនយោបាយ ២០ បាន និងកំពុងឃោសនារក សំឡេងឆ្នោតយ៉ាងគគ្រឹកគគ្រេងស្របតាមច្បាប់ និងតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សម រង្ស៊ី បែរជាប្រកាច់ចាប់មិនឈ្នះ មានៈ ប្រើពាក្យប្រមាថគណបក្សផ្សេងដោយឥតអៀនខ្មាស។ លោក សម រង្ស៊ី បានបន្តអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតដោយសារតែគាត់មិនបានចូលរួមប្រកួត ហើយបាន ហៅគណបក្សចំនួន ១៩ ផ្សេងទៀតដែលកំពុងប្រកួតរកសំឡេងឆ្នោតថា ជាគណបក្សអាបដែលមានតែក្បាលតែឥតមានខ្លួន។ ការឈឺចិត្តស្អិតទ្រូង ដេកមិនលក់ បក់មិនល្ហើយរបស់ សម រង្ស៊ី គឺមកពីគាត់ឃើញថា គណបក្សនយោបាយទាំង ១៩ ដែលកំពុងឃោសនារក សំឡេងឆ្នោតនោះនឹងហែកអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលបានស្លាប់ទៅហើយនោះជាចំណែកៗ ធ្វើឲ្យខ្មោចបក្សសង្គ្រោះជាតិដែលកំពុងវិលវុលក្នុងវិញ្ញាណអាក្រក់រកភពចាប់កំណើតមិនឃើញនោះ ក្លាយទៅជាធូលីផេះផង់គ្មានអ្នកណានឹកនាដល់ទៀតឡើយនៅពេលខាងមុខនេះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ប្រឹងត្រដរខ្យល់ដើម្បីកំដរ បរិយាកាសខ្លះកុំឲ្យអ្នកគាំទ្រកាន់តែអស់សង្ឃឹមតែប៉ុណ្ណោះ។

អ្វីដែលធ្វើឲ្យ សម រង្ស៊ី ឈឺចាប់ខ្លាំងបំផុតនោះគឺក្នុងចំណោម បក្សទាំង ២០ ដែលកំពុងប្រកួតរកសំឡេងឆ្នោត មានគណបក្សមួយចំនួនបានកើតចេញពីការ បែកបាក់របស់អតីតបក្សសង្គ្រោះជាតិ។ ក្រុមអ្នកនយោបាយទាំងនោះបានយល់ច្បាស់ថា សង្គ្រោះជាតិស្លាប់បាត់ទៅហើយដោយគ្មានថ្ងៃរស់រានមានជីវិតឡើងវិញដូចការឃោសនាអកុសលរបស់ សម រង្ស៊ីឡើយ។ ម្យ៉ាងទៀត ពួកគេក៏បានមើលឃើញកាន់តែច្បាស់អំពីចរិតហ្ស៊ីនរបស់ លោក សម រង្ស៊ី ដែលធ្វើនយោបាយតាមគំនិតសួនតួនិយម គ្រួសារនិយម និងបក្សពួកនិយមយ៉ាងក្រាស់ឃ្មឹកកែមិនឡើង។ ដូច្នេះហើយបានជាអ្នកទាំងនោះមិនអាចនៅបន្តចាញ់បោកលោក សម រង្ស៊ី ទៀតឡើយ ហើយក៏ងាកមក បង្កើតគណបក្សរៀងៗខ្លួន ដើម្បីបន្តដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនដេកចាំខ្មោចងាប់ហើយរស់វិញនោះទេ។ ហេតុនេះហើយបានជាលោក សម រង្ស៊ី នៅតែបន្តឃោសនាបោកប្រាសដោយឥតអៀនខ្មាសថា គណបក្សរបស់គាត់នឹងអាចឈានទៅដឹកនាំប្រទេសនៅពេលខាងមុខ។ សម្រាប់អ្នក ដែលមើលឃើញសច្ចៈធម៌ សំឡេងរបស់ សម រង្ស៊ី គឺជាសំឡេងបោកប្រាស់ដដែលៗគ្មានន័យ គ្មានការពិត និងគ្រាន់តែជាគំនិតស្រមើស្រមៃ របស់ខ្លួនដែលឆ្កួតនឹងទស្សនៈអញនិយមមើលមិនជា។

ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលគិតធ្វើអ្វីល្អៗ សាងស្នាដៃសម្រាប់ប្រទេស ជាតិ និងប្រជាជនឡើយ ប៉ុន្តែ អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះចេះតែត្រឹមបន្តុះបង្អាប់ វាយប្រហារ អ្នកដទៃ និងញុះញង់ បង្ហាញគំនិតជ្រុលនិយម គំនុំសងសឹក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្រុមមនុស្សមួយចំនួនដែលមាន ទស្សនៈប្រហាក់ប្រហែលគាត់ ឲ្យគាំទ្រតែប៉ុណ្ណោះ។ បើមិនជឿ តើមានអ្នកណាអាចរាប់បានថា អ្វីជាស្នាដៃ និងជាសមិទ្ធផលរបស់ សម រង្ស៊ី ខ្លះក្នុងការធ្វើនយោបាយរយៈពេលជាង ២០ឆ្នាំមកនេះ? ចម្លើយគឺសូន្យ៖ ផ្លូវមួយចំអាមក៏គ្មាន សាលារៀនមួយបន្ទប់ក៏មិនដែលធ្វើ ស្ពានឈើមួយតឹកក៏មិនដែលគិត សង់ សំណង់អណ្តូងទឹកមួយ ក៏មិនដែលឃើញ។ ផ្ទុយទៅវិញ ស្នាដៃដ៏ឆ្នើមរបស់សម រង្ស៊ី ដែលបន្សល់ទុកសម្រាប់កម្ពុជាគឺបាតុកម្មដុតបំផ្លាញ វាយកម្ទេច យកឈាមរាស្ត្រជាឈ្នាន់នយោបាយ ដុតបំផ្លាញឆ្នាំងបាយកម្មករតាមរយៈការអំពាវនាវកុំឲ្យបរទេសទិញទំនិញពីកម្ពុជា, ញុះញង់បំបែកបំបាក់ឲ្យខ្មែរ ស្អប់ខ្ពើមគ្នា ចងពៀរវេរាមិនចេះចប់….។

នយោបាយបែបស៊ីបាយបោកឆ្នាំងរបស់ សម រង្ស៊ី នៅបន្តរហូត បច្ចុប្បន្ន។ នៅពេលដែលខ្លួនឯងមិនបានចូលរួមបោះឆ្នោត សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត និងងើបបះបោរធ្វើឲ្យមានភាពចលាចល វឹកវរក្នុងសង្គម ពីព្រោះក្នុងមួយជីវិត របស់ សម រង្ស៊ី គាត់មិនសប្បាយចិត្ត ដេកមិនលក់ បក់មិនល្ហើយទេនៅពេលឃើញប្រទេសជាតិ មានសន្តិភាព និងភាពស្ងប់សុខ។ ផ្ទុយទៅវិញ សម រង្ស៊ី សប្បាយណាស់នឹងឃើញប្រទេសមានសង្គ្រាមហែកហួរ មានអំពើ ហិង្សា បង្ហូរឈាម មានអ្នកស្លាប់ ពីព្រោះនោះហើយជាជោគជ័យរបស់គាត់។ ខុសពីបណ្តាអ្នកនយោបាយប្រទេសជិតខាងដែលគេធ្វើអ្វីៗដើម្បីភាព ស្ងប់សុខរបស់ប្រជាជន តួយ៉ាងដូចជាលោក ថាក់ស៊ីន អតីតនាយក រដ្ឋមន្ត្រីថៃជាដើម គាត់បានអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ថាត់ និងចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាទោះជាគ្មានរូបគាត់ក៏ដោយ។ ប៉ុន្តែ អ្នកនយោបាយខ្មែរដូច សម រង្ស៊ី បែរជាអំពាវនាវឲ្យពលរដ្ឋងើបបះបោរ និងកុំទៅបោះឆ្នោតពីព្រោះតែអវត្តមានរូបគាត់ និងបក្សរបស់គាត់។

បានឃើញសារដដែលៗរបស់ សម រង្ស៊ី យើងជាកូនខ្មែរពិតជាឈឺចាប់ណាស់ពីព្រោះសម័យនេះទៅហើយ មិនគួរឡើយនៅសេសសល់អ្នកនយោបាយបែបនេះទៀត សោះ? គឺអ្នកនយោបាយដែលគិតថា មានតែខ្លួនឯងតែម្នាក់គត់ ដែលល្អលើសគេ ហើយហ៊ានចាប់យកប្រទេសទាំងមូលធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួន។ យ៉ាងណាក៏ដោយ សំណាងល្អហើយដែល ពលរដ្ឋខ្មែរភាគច្រើនមិនចាញ់បោក សម រង្ស៊ី ហើយន្តជ្រើសរើសមេដឹកនាំដែលអាច រក្សាសន្តិភាព ស្ថិរភាព នយោបាយ និងបន្តការអភិវឌ្ឍន៍ប្រទេសតទៅមុខទៀត។ ដូច្នេះ យើងទាំងអស់គ្នាជាកូនខ្មែរត្រូវតែរួមគ្នាកាត់ឬសគល់អ្នកនយោបាយអាត្មានិយមដ៏គ្រោះថ្នាក់ដូច សម រង្ស៊ី នេះចេញពីឆាកនយោបាយឲ្យបានតាមរយៈនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះឲ្យបានច្រើនកុះករដើម្បីបង្ហាញថា យើងមិននៅខាងអ្នកនយោបាយអញនិយមឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកគេនាំជាតិយើងទៅរកគ្រោះថ្នាក់បានជាដាច់ខាត៕

ដោយ៖ និវត្តន៍ជនម្នាក់នៅភ្នំពេញ

Facebook Comments
Loading...