ជា​រៀង​រាល់​ឆ្នាំ អំឡុង​ពេល ១៥ ថ្ងៃ នៃ​បុណ្យ​ភ្ជំបិណ្ឌ វត្ត​អារាម​ទាំង​ឡាយ ដែល​ជា​កន្លែង​ស្ងប់​ស្ងាត់​មួយ បាន​ប្រែ​ក្លាយ​ជា​ទីសក្ការ​បូជា​ដ៏​អ៊ូអរ សម្បូរ​ទៅ​ដោយ​ពុទ្ធ​បរិស័ទ​មក​ពី​គ្រប់​ទិស​ទី។ មិន​តែ​ប៉ុណ្ណោះ ប្រជា​ពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់ ប្រុស​ស្រី តែង​តែ​មិន​ភ្លេច​ឡើយ​នូវ​ការ​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​បង្សុកូល ដើម្បី​ឧទ្ទិសកុសល​ដល់​បុព្វការីជន ដែល​បាន​ចែកឋាន​ទៅ។

ជាមួយ​នឹង​ទឹក​ចិត្ត​រីករាយ​ជ្រះ​ថ្លា ដ្បិត​ថា​បាន​ទាំង​ទៅ​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី​ផង និង​លម្ហែកាយ​កម្សាន្ដ​នៅ​តាម​វត្ត​ផង ពុទ្ធបរិស័ទ​មួយ​ចំនួន​មិន​ត្រឹម​តែ​អង្គុយ​ថ្វាយ​បង្គំ​ស្តាប់​ព្រះសង្ឃ សូត្រធម៌​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ក៏​ថែម​ទាំង​បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​វត្ត​ទៀត​ផង ក្រោយ​ពី​ការ​ឆាន់​ចង្ហាន់​ថ្ងៃ​ត្រង់​រួច​រាល់​របស់​ព្រះសង្ឃ។

ជា​ការ​ពិត​ណាស់ ស្ថិត​ក្នុង​រូបភាព​ផ្សេងៗ​គ្នា ទាំង​ពុទ្ធបរិស័ទ​វ័យ​ចំណាស់ និង​យុវវ័យ សុទ្ធ​តែ​ទទួល​បាន​នូវ​ភាព​រីករាយ ជាមួយ​នឹង​ការ​បរិភោគ​បាយ​ថ្ងៃ​ត្រង់​នៅ​វត្ត​ដែល​គេ​បាន​ទៅ​ធ្វើ​បុណ្យ។

ជា យុវតី​មួយ​រូប​ដែល​ទើប​តែ​បាន​ទៅ​វត្ត ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​នា​ពេល​ថ្មីៗ​នេះ កញ្ញា សុម៉ាលី បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​ចូល​រួម​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​នៅ​វត្ត​ជាមួយ​នឹង​ក្រុម​មិត្តភក្តិ​របស់​ខ្ញុំ នៅ​ពេល​ពួក​ខ្ញុំ​បាន​ទៅ​វត្ត​ជុំ​គ្នា»។

កញ្ញា​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​នេះ​គឺជា​លើក ទី១ សម្រាប់​ខ្លួន ប៉ុន្តែ​កញ្ញា​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ទទួល​នូវ​បទ​ពិសោធ​ថ្មី ជា​ពិសេស ការ​អង្គុយ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ដែល​បាន​ជួប​ជុំ​គ្នា​ច្រើន ប្រៀប​ដូចជា​គ្រួសារ​តែ​មួយ​តាម​រយៈ​អាហារ​សាមគ្គី​គ្នា​នេះ។

131002_05a