អាជ្ញាធរខេត្តមណ្ឌលគិរីបានរៀបចំទិវារុក្ខទិវា៩កក្តដាឆ្នាំ២០១៨

0
143

ខេត្តមណ្ឌលគិរី៖ ថ្លែងកាលពីព្រឹកថ្ងៃទី០៥ខែកក្តដា ឆ្នាំ២០១៨នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើ បណ្តាល ឲ្យតំបន់យើងទទួលរងនូវការគំរាមកំហែង ពីធម្មជាតិ។ ដូចនេះ យើងទាំងអស់គ្នាត្រូវនាំគ្នាបញ្ឈប់ការកាប់រានឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឲ្យបានច្រើន រួមទាំងដំណាំហូបផ្លែ ដើម្បីជាប្រយោជន៍ទាញយកប្រភពចំណូលសេដ្ឋកិច្ច មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យមានជីវភាពសមរម្យ ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះ ខណៈដែលឯកឧត្តម អញ្ជើញជាគណៈអធិបតីភាពក្នុងពិធីទិវារុក្ខទិវា ៩ កក្កដា ដែលប្រព្រឹត្តទៅនៅលើអតីតប្រលានយន្តក្រុងសែនមនោរម្យ។

ឯកឧត្តមបានបន្ថែមថាការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យស្ថាប័នជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមដាំដុះកូនឈើ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយ តំបន់រស់នៅ ឲ្យមានគំរបពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបន្ថែមទៀតថាការប្រារព្វពិធីរុក្ខទិវា៩កក្កដា តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស យល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ។

បើតាមការបញ្ជាក់ពីប្រធានមន្ទីរសកិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងថា កូនឈើដែលដាំក្នុងពិធីនេះមានចំនួន១៥០០ដើម រួមមានប្រភេទកូនឈើបេង គ្រញូង នាងនួន គរគី និងឈើទាល ហើយកូនឈើខាងលើនេះ ត្រូវបានលោកអ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការបែងចែកកូនឈើ ចំនួន១ពាន់ដើម ដាំក្នុងទីធ្លាសួនច្បារក្រុងសែនមនោរម្យ រីឯចំនួន៥០០ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗយក ទៅដាំនៅតាមលំនៅដ្ឋាន និងតាមអង្គភាពរៀងៗខ្លួន ដើម្បីជាការបំផុសចលនាដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមថែរក្សា ការពារ និងដាំដុះកូនឈើឡើងវិញ៕ ដោយ៖មនោរម្យ

Facebook Comments
Loading...