លិខិតមិត្តអ្នកអាន៖ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ កំពុងលាងជម្រះខ្លួនពីឧបាយកលទុច្ចរិត អនុវត្តផែនការបំផ្លាញការបោះឆ្នោត

0
192

(ភ្នំពេញ)៖ ក្រោយពីផែនការសម្ងាត់នៃការបំផ្លាញការបោះឆ្នោតត្រូវបានបែកធ្លាយ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ដែលប្រភពព័ត៌មានបានឱ្យដឹងថា បានជួបប្រជុំជាសម្ងាត់ជាមួយយុវជន១២ រូបដែលគេហៅថា តារាហ្វេសប៊ុកខ្មោចបក្សសង្គ្រោះជាតិនោះ បានចេញមកលាងជម្រះខ្លួនពីផែនការសម្ងាត់ ឧបាយកល ទុច្ចរិតនេះព្រោះទំនងមកពីទ្រង់ទើបតែដឹងខ្លួនថា អំណាច សាលដីកាតុលាការកំពូលហាមឃាត់សិទ្ធិទ្រង់ធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងចំណោមសមាជិក១១៨នាក់ របស់គណបក្សសាងគ្រោះជាតិដែលត្រូវបានរកឃើញថា ឃុបឃិតជាមួយ បរទេសធ្វើបដិវត្តន៍ពណ៌។

ម្យ៉ាងទៀត កាលដែលទ្រង់ស៊ីសុវត្ថិ ធម្មិកោ ខំប្រឹងការពារខ្លួននេះព្រោះតែដឹងថា ប្រសិនបើភស្តុតាងត្រូវបានរកឃើញបន្ថែមទៀត ទ្រង់អាចនឹងវណ្ឌកនឹងច្បាប់ព្រោះបានរំលោភបំពាន លើសាលដីការបស់តុលាការ។ ប៉ុន្តែការព្យាយាមលាងជម្រះខ្លួន និងគេចវេសធ្វើជាមិនដឹងពីផែនការសម្ងាត់របស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ គ្មានប្រសិទ្ធភាពឡើយ ព្រោះទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បានភូតកុហកសាធារណជន និងធ្វើពើមិនដឹងអី ប្រែក្លាយខ្លួនពីអ្នកបំពានសាលាដីកាស្ថាពរ មកធ្វើជាជនរងគ្រោះ និងទាញចូលជារឿងនយោបាយ។ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ អាចកុហកខ្លួនឯងបាន ប៉ុន្តែមិនអាចកុហកបោកប្រាស់ និងបំភ្លៃសាធារណជនបានដូចដែល ក្រុមខ្លួនតែងតែភូតកុហកប្រជារាស្ត្រ ដូចពីមុនទេ ព្រោះអ្វីដែលទ្រង់ ធម្មិកោ មានបន្ទូលឆ្លើយឆ្លងជាមួយអ្នកកាសែត និងការប៉ុស្តិ៍នៅលើហ្វេសប៊ុកគឺបានបង្ហាញថា ទ្រង់វង្វេងសារ និងវង្វេងគោលជំហររបស់ខ្លួន មិនដឹងថាទ្រង់មានបន្ទូលអ្វីខ្លះ។

នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី៤ ខែកក្កដា ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បានទទួលស្គាល់ថា មានការជួបជុំគ្នា ប៉ុន្តែគឺជួបជាមួយជាមួយគូស្វាមីពីរគូដែលទើបរៀបការហើយ ទ្រង់មិនបានចូលរួម។ ប៉ុន្មានម៉ោងក្រោយមក ហ្វេសប៊ុកឈ្មោះ ស៊ីសុវត្ថិ ធម្មិកោ បាន ប៉ុស្តិ៍រូបមួយជាមួយចំណងជើងថា «ដើម្បីកុំឱ្យ ហ្វ្រេសញ៉ូវ មួលបង្កាច់ មុនជប់លៀង មនុស្សលើសពី៥នាក់ យើងត្រូវដាក់ពាក្យសុំច្បាប់»។

រវាងសារទាំងពីរនេះគឺមានភាពផ្ទុយគ្នា ព្រោះនៅក្នុងរូបនេះមិនបានបង្ហាញពីយុវជនដែលជាគូស្វាមីភរិយាឡើយ ហើយក៏មិនបានបញ្ជាក់ថា ជំនួបក្នុងរូបនេះធ្វើនៅទីណាដែរ។ នេះគឺជាការភូតកុហកទាំងស្រុងរបស់ទ្រង់ស៊ីសុវត្ថិ ធម្មិកោ តែប៉ុណ្ណោះ ដើម្បីដោះខ្លួនចេញពីផែនការបំផ្លាញការបោះឆ្នោត និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមផែនការ របស់មេចលនាឧទ្ទាមខុសច្បាប់ និងចៅហ្វាយនាយរបស់ខ្លួន។

តាមប្រភពព័ត៌មានរបស់យុវជនម្នាក់ក្នុងចំណោម១២នាក់ដែល បានជួបទ្រង់ធម្មិកោ គឺទ្រង់ ស៊ីសុវត្ថិ ធម្មិកោ កាលពីប៉ុន្មានថ្ងៃមុនបានកោះប្រមូលក្រុមតារាហ្វេសប៊ុករបស់ ខ្មោចបក្សសង្គ្រោះជាតិចំនួន១២នាក់ មកប្រជុំដាក់ផែនការពេលឃោសនាបោះឆ្នោះនៅផ្ទះរបស់ឈ្មោះ សាង សាន អតីតសមាជិកខ្មោចបក្សសង្គ្រោះជាតិនៅក្រោយវត្តមហាមន្ត្រី។ ក្នុងពេលនោះទ្រង់ស៊ីសុវត្ថិ ធម្មិកោ បានឱ្យក្រុមយុវជនស្រាវជ្រាវយកឯកសារឃោសនា បោះឆ្នោតឆ្នាំ ២០១៣ មកបង្ហោះចែកតៗគ្នាឱ្យបានច្រើន ដើម្បីប្រឆាំងនឹងការបោះឆ្នោត។
ដូច្នេះអ្វីដែល ទ្រង់ ធម្មិកា ចេញមកដោះសារនេះ គឺគ្រាន់តែជាការភូតកុហក និងរលាស់ខ្លួនចេញពីផែនការបំផ្លាញការបោះឆ្នោត និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ៕
ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨

Facebook Comments
Loading...