ផ្លូវដែកទិសពាយ័ព្យត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ក្រោយពីផ្អាកដំណើរការជាង៤៥ឆ្នាំ

372

ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការផ្លូវដែកទិសពាយ័ព្យ ភ្នំពេញ-ពោធិ៍សាត់ ជាបណ្ដោះអាសន្ន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ផ្លូវដែកពោធិ៍សាត់-ភ្នំពេញមាន ប្រវែង ១៦៦គ.ម ឆ្លងកាត់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ស្ពឺ-កណ្តាល និងរាជធានីភ្នំពេញ ចំណាយ ២៣.៤ លានដុល្លារ ថវិកាជាតិ។ កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញនេះ ប្រើដែករ៉ៃចាស់(បារាំង) កំណល់ដែក ដែលអាចបើកបរបានក្នុងល្បឿន ៣០ គ.ម/១ម៉ និងអាចទ្រទំងន់បាន ១៥តោន ក្នុង១ភ្លៅកង់ ហើយមានស្ថានីយចំនួន ២០ រួមមាន៖ ពោធិ៍សាត់-ទទឹងថ្ងៃ-កំរ៉ែង-បំណក់-ក្តុល-ក្រាំងស្គារ-រមាស-បារាំង-ក្រាំងល្វា-មានក(Meanork)-ត្បែងខ្ពស់-ដំណាក់ស្មាច់-ត្រាចទង-បាត់ដឹង-ទួលលៀប-ត្រពាំងត្នោត-សំរោង-ផ្លូវបំបែក-ពោធិ៍ចិនតុង-ភ្នំពេញ។

សូមបញ្ជាក់ថា៖ កណាត់ផ្លូវដែកពោធិ៍សាត់-ភ្នំពេញ គឺធ្វើឡើងដើម្បីតភ្ជាប់ទាំងស្រុងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង ៣៨៦គ.ម។ ផ្លូវដែកនេះបានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ហើយត្រូវបានបំផ្លាញដោយសង្គ្រាម។ ក្រោមនយោបាយឈ្នះ ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវដែកនេះត្រូវបានចាប់ផ្តើមស្តារឡើងវិញនៅឆ្នាំ២០០៩ ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ។ ហើយការតភ្ជាប់ពីពោធិ៍សាត់មកភ្នំពេញជាដំណាក់កាលចុងក្រោយក្នុងការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្លូវដែកភាគខាងជើងនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថាផ្លូវដែកនេះនឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកនៃព្រះរាជាណាចក្រថៃ នាពេលខាងមុខដ៏ខ្លីនេះ។ មួយផ្នែកទៀត ផ្លូវនេះបានចូលរួមចុះណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមានគម្រោងជាច្រើនទៀតក្នុងការធ្វើទំនើបកម្មលើផ្លូវដែកនេះ ដូចជា៖ ការសាងសង់និងជួសជុលស្ថានីយ៍រថភ្លើងព្រមទាំងបំពាក់ស្លាកសញ្ញាសុវត្ថិភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត ការសាងសង់ទីលានកុងតែន័រផ្លូវដែកនៅស្ទឹងបត់ ការសិក្សាដើម្បីរៀបចំឲ្យមានរថភ្លើងលើអាកាសដំណើរការដោយស្វ័យប្រវត្តិនៅក្នុងក្រុងភ្នំពេញ ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី ការតភ្ជាប់ផ្លូវដែកទៅតំបន់សេដ្ឋកិច្ចពិសេសដូចជាពីស្ថានីយ៍ទូកមាសទៅរោងចក្រស៊ីម៉ង់ត៍ចក្រីទីង ពីស្ថានីយ៍វាលរេញទៅកំពង់ផែកែវផុស ការជំរុញឱ្យមានការវិនិយោគផ្លូវដែកភាគខាងជើងភ្នំពេញ-ស្នូល-ស្ទឹងត្រែង ប្រវែង២៤៨គ.ម ការជំរុញឱ្យមានការវិនិយោគផ្លូវដែកពីភ្នំពេញ-សៀមរាប សិរីសោភ័ណ និងការជំរុញឱ្យមានការវិនិយោគផ្លូវដែក តភ្ជាប់ទៅប្រទេសវៀតណាម។