រថយន្ត តូច ធំ ជាច្រេីនគ្រឿង កំពុងសម្រុកដឹកញ័រកៅស៊ូទៅលក់ឱ្យប្រទេសវៀតណាម

373

ត្បូងឃ្មុំ៖ មែន ពាក្យចាស់លោកពោលថា “កោកៗ សឹកឯមាត់ត្រដោក ឆ្អែតឯពោះក្របី” នៅច្រកទន្លេចាម ស្ថិតនៅឃុំជាំក្រវៀន ស្រុកមេមត់ នៅរសៀលថ្ងៃទី២៩ មិថុនា គេបានសង្កេតឃើញមានរថយន្តតូច ធំ បានដឹកជ័រកៅស៊ូ ចេញយកទៅលក់នៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ ដោយមិនមានការទប់ស្តាត់ពីស្ថាប័នជំនាញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលកំពុងមានវត្តមាននៅទីនោះឡេីយ គឺសមត្ថកិច្ចទាំងនោះ ចេះតែទទួលលុយដោះស្រាយបាយទឹក ហេីយសម្រួលចរាចរណ៍បទល្មេីសដឹកជ័រកៅស៊ូទៅដោយរលូន ទង្វេីនេះវាប្រាស់ចាក ពីបទបញ្ជារបស់អាជ្ញាធរខេត្ត ដែលហាមមិនឱ្យមានការនាំចេញ ជ័រកៅស៊ូ ទៅលក់នៅក្រៅប្រទេសនោះឡេីយ ។

បុរសម្នាក់និយាយក្នុងក្របខ័ណ្ឌមិនបញ្ចេញឈ្មោះ រស់នៅស្រុកស្នួល ខេត្តក្រចេះ ប្រាប់ឲ្យដឹងថា គាត់បានប្រមូលទិញជ័រកៅស៊ូពីប្រជាពលរដ្ឋនៅស្រុកស្នួលបានជាង៣តោនដឹកតាមរថយន្តផ្ទាល់ខ្លួនរបស់គាត់យកមកលក់ឱ្យវៀតណាម ចូល ច្រកទន្លេចាម នេះតែម្តង ។

បុរសដដែលបានប្រាប់បន្តថា ជ័រកៅស៊ូនោះគាត់ត្រូវបានប្រមូលទិញពីពលរដ្ឋ២ទៅ៣ថ្ងៃទើបបាន១រថយន្តមានទម្ងន់ជាង៣តោនចាប់តាំងពីពេលចេញពីដើមទីមកដល់ត្រង់ច្រកព្រំដែនត្រូវបានចំណាយលុយច្រើនសម្រាប់ រត់ការជាមួយនឹងកម្លាំងផ្សេងៗ ។ លុះពេលដែលលក់ឲ្យទៅដល់ឈ្មួញនៅវៀតណាមនៅច្រកព្រំដែនដោយបានផាត់លើការចំណាយក្នុង១ជើង គាត់អាចចំណេញថវិកាជាង៣០ម៉ឺនរៀលដែរ ។

ដូចគ្នានេះដែរ អ្នករកស៉ីដឹកជ័រលក់ម្នាក់ទៀតក៏បានបញ្ជាក់យ៉ាងក្លៀវខ្លាដែរថា គាត់បានបង់លុយឱ្យសមត្ថកិច្ចអស់ហេីយ បេីមិនបង់គេមិនឱ្យដឹកទេ គាត់ដឹកចេញតាមច្រកប៉ុស្តិ៍ជាំក្រវៀន ព្រោះនៅខាងដីវៀតណាមមានថៅកែវៀតណាមគេចាំទទួលទិញនៅទីនោះ ហេីយគិតលុយភ្លាមៗ លុយដល់ដៃ មិនជំពាក់ ដូចថៅកែនៅច្រកទន្លេចាមនោះទេ អីចឹងហេីយបានជាយេីងនាំគ្នាដឹកយកមកលក់នៅចំណុចនេះ ។ តែពួកគាត់ក៏បានបង់លុយទៅឱ្យលោកគយនៅច្រកទន្លេរួចហេីយដែរ ព្រោះមានកម្លាំងគយបានស្ទាក់ចាំយកលុយ តាមផ្លូវមុនចូលដល់កន្លែងលក់ ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក ជុំ កុសល្យ ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទន្លេចាមបានបញ្ជាក់ទាំងមួរហ្មងថា ច្រកនេះគ្មានអ្វីដុំកំភួននោះទេ អ្នកព័ត៌មានចង់ផ្សាយអ្វីក៏ផ្សាយទៅ គាត់មិនមែនជាចំណាប់ខ្មាំងរបស់អ្នកសារព័ត៌មានទេ គាត់មានតែមងមួយដៃសម្រាប់យកទៅរាយនៅក្នងទន្លេចាម គ្រាន់បានកូនត្រីយកមកធ្វេីម្ហូប ព្រោះច្រកនេះ មិនមានសេដ្ឋកិច្ចដូចច្រកផ្សេងៗ ដែលរាល់ព្រឹកឡេីងមានម៉ូយមកចាំហៅទៅហូបគុយទាវនោះទេ ៕