ពលរដ្ឋនៅនិគមលើជាប់សាលាខេត្តត្បូងឃ្មុំជាង១ឆ្នាំហើយមិនទាន់មានអគ្គិសនីប្រើ

374

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំជាប់តំបន់រដ្ឋបាលសាលាខេត្តជាច្រើនគ្រួសារ រយៈពេលជាង១ឆ្នាំហើយនូវមិនទាន់មានអគ្គិសនីប្រើប្រាស់នូវឡើយទេ ។ ដោយសារតែទីនោះស្ថិតនៅក្រោមការគ្រប់គ្រងបណ្តាញអគ្គិសនីរបស់ក្រុមហ៊ុនឯកជនជាមួយនោះពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរខេត្តមេត្តាមានវិធានការជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យមានអគ្គិសនីប្រើ ព្រោះរាល់ថ្ងៃនេះកំពុងតែជួបការលំបាកខ្លាំងតែម្តង ។

បុរសចំណាស់ម្នាក់ឈ្មោះទៀន លី អាយុ៦២ឆ្នាំ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ មិថុនា ២០១៨ថា កាលពីមុនគាត់ និងក្រុមគ្រួសាររស់នៅក្នុងសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ក្រោយពីបានដឹងថា នៅទីតាំងខេត្តត្បូងឃ្មុំ ជាប់នឹងសាលាខេត្តគេមានបង្កើនឡើងនូវហេដ្ឋានរចនាសម្ព័ន្ធនានាឡើងជាច្រើន នៅពេលទទួលបានដំណឹងបែបនេះក៏បានទិញដីឡូត៏របស់គេមួយកន្លែងនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលមានទទឹង២៨ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ សាងសង់លំនៅឋានពីបេតុងលក់បាយគុយទាវ ។ គាត់ប្រាប់បន្តថា ចាប់តាំងពីក្នុងអំឡុងឆ្នាំ២០១៧ គាត់បានធ្វើផ្ទះរួចរាល់ និងបានទាក់ទងទៅក្រុមហ៊ុនអគ្គិសនីឯកជនមួយស្ថិតនៅស្រុកពញាក្រែក ដើម្បីស្នើសុំតបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារ ដោយគេមិនព្រមតឲ្យនោះទេ ហើយត្រូវបានក្រុមហ៊ុនលើកហេតុផលថាមកពីប្រជាពលរដ្ឋរស់នៅត្រង់កន្លែងរបស់គាត់មានចំនួនតិចពេក ហេតុដូច្នេះហើយទើបគេមិនព្រមតឲ្យរហូតមកដល់ជិតដំណាច់ខែមិថុនា ឆ្នាំ២០១៨នេះ ។

គាត់មានតែម្រាមដៃដប់សូមអង្វរដល់លោកអភិបាលខេត្តត្បូងឃ្មុំមេត្តាជួយជំរុញដល់ក្រុមហ៊ុនឯកជននោះធ្វើយ៉ាងណាឲ្យគ្រួសាររបស់គាត់ក៏ដូចជាគ្រួសារផ្សេងៗទៀតមានអគ្គិសនីប្រើប្រាស់ផង ។ ត្បិតរាល់ថ្ងៃគាត់បានជួបការលំបាកជាខ្លាំងដែលត្រូវប្រើម៉ាស៊ីនភ្លើងបញ្ជេះដោយចំណាយអស់ប្រេងជាច្រើន ហើយម៉ោង៩យប់ត្រូវបិទហើយ ព្រោះថាម៉ាស៊ីនតូចមានកម្លាំងខ្សោយប្រើបានតិចម៉ោង ។

លោក យឿន យ៉េ អាយុ៥១ឆ្នាំ នៅភូមិនិគមលើប្រាប់ថា រាល់ថ្ងៃនេះផ្ទះរបស់គាត់មិនមានភ្លើងអគ្គិសនី
ប្រើប្រាស់នូវឡើយទេ ដោយក្រុមហ៊ុនអគ្គិសនីឯកជនគេបានសន្យាតភ្ជាប់មកផ្ទះរបស់គាត់ តែមិនដឹង
នៅពេលណានោះទេព្រោះជាង១ឆ្នាំហើយ សូម្បីតែផ្ទះអ្នកជិតខាងគាត់ក៏មិនមានភ្លើងអគ្គិសនីប្រើប្រាស់ដែរ ។ នៅពេលដែលមានភ្ញៀវមកចូលហូបកាហ្វេនៅផ្ទះរបស់គាត់បានរអ៊ូទាំងក្តៅ ព្រោះតែមិនមានអគ្គិសនីចាប់កង្ហារឲ្យ ហើយសមាជិកក្រុមគ្រួសារគាត់នៅក្នុងផ្ទះ ពិតជាមានការលំបាកដោយសារតែមិនមានភ្លើងអគ្គីសនីប្រើតែគាត់មានកូនម៉ាស៊ីនតូចមួយសម្រាប់បូមទឹកអណ្តូងប្រើតែប៉ុណ្ណោះ ។ នៅចំហៀងមុខផ្ទះមានតែបង្គោលភ្លើងបេតុងអគ្គិសនីមិនទាន់តបណ្តាញនូវឡើយ មិនដឹងពេលណាទើបគេតឲ្យនោះទេ ។

ចំណែកតំណាងក្រុមហ៊ុនអគ្គិសនីមួយដែលមានទីតាំងនៅស្រុកពញាក្រែកប្រាប់តាមទូរស័ព្ទនៅលា្ងចថ្ងៃទី២៩ មិថុនា ឲ្យដឹងថា ជុំវិញករណីខាងលើនេះនឹងបំភ្លឺជូននៅថ្ងៃ ខាងមុខ ៕