ពលរដ្ឋចំនួនពីរឃុំសុំរំលាយកិច្ចសន្យាបន្ទាប់ពីក្រុមហ៊ុនលោកលីវុទ្ធីទិញដីហើយមិនបានអោយលុយគ្រប់ចំនួន !

840

(កណ្ដាល) ៖ ប្រជាពលរដ្ឋចំនួន២ឃុំគឺឃុំអំពៅព្រៃនឹងព្រែកស្លែងបានចោទប្រកាន់ក្រុមហ៊ុន១ទិញដីមិនឱ្យប្រាក់គ្រប់ចំនួនដោយឱ្យតែលុយកក់ហើយចេះតែពន្យាពេលនិងគម្រាមមិនឱ្យម្ចាស់លក់ទៅឱ្យអ្នកដ៏ទៃខណៈកិច្ចសន្យាបានហួសកំណត់ច្រើនខែមកហើយ។

លោក ប៉ិច សុផុន ហៅជូន និងលោក កុក ហ៊ីម តំណាងឱ្យប្រជាពលរដ្ឋចំនួន២ឃុំបានឱ្យដឹងថា៖កន្លងទៅនេះពួកគាត់មានគ្នាទាំងអស់ជាង១០០គ្រួសារ បានលក់ដីស្រែជាង១០០ហិចតាទៅឱ្យក្រុមហ៊ុនលោក លី វុទ្ធី ដែលមានអ្នកតំណាងឈ្មោះ អៀង យ៉ាន ឈ្មោះ ពុំ សំអុនដោយខាងអ្នកទិញបានប្រគល់ប្រាក់កក់មួយចំនួនទៅឱ្យម្ចាស់ដី ហើយសន្យាថា នឹងប្រគល់ប្រាក់គ្រប់ចំនួនទៅអ្នកលក់៣០ទៅ ៥០ថ្ងៃក្រោយនៃកិច្ចសន្យាកក់ប្រាក់ ប៉ុន្តែ នៅពេលដល់ថ្ងៃកំណត់ ខាងតំណាងក្រុមហ៊ុនមិនបានយកប្រាក់មកប្រគល់ឱ្យគ្រប់ចំនួននោះទេ ផ្ទុយទៅវិញបែរជាមកសុំពន្យាពេលទៅវិញ។

តំណាងដដែលបានបន្តថា ការពន្យាពេលនេះម្តងជា២ដង ហើយខាងក្រុមហ៊ុនចេះតែគេចវេសរហូត ហើយថែមទាំងមិនព្រមរំលាយកិច្ចសន្យាដែលហួសសុពលភាពជាច្រើនខែមកហើយ និងមិនអនុញ្ញាឱ្យម្ចាស់ដីលក់ទៅឱ្យអ្នកផ្សេងទៀតឡើយ។ ពួកគាត់បានលើកឡើងថា ក្រោយទទួលបានលុយកក់ពួកគាត់ខំយកទៅកក់ដើម្បីទិញដីនៅកន្លែងផ្សេង ទៀតដើម្បី ធ្វើស្រែបន្ត ប៉ុន្តែ នៅពេលដែលក្រុមហ៊ុន លី វុទ្ធី មិនព្រមឱ្យលុយគ្រប់ចំនួន ហើយបានប្ដឹងពួកគាត់ទៅតុលាការអោយចេញលិខិរក្សាការពារមិនអោយម្ចាស់ដីលក់ទៅអោយអ្នកផ្សេងបានធ្វើឱ្យប្រាក់កក់របស់ពួកគាត់កក់ឱ្យគេនោះក៏ត្រូវដាច់អស់ ដូច្នេះ ពួកគាត់សំណូមពរឱ្យអាជ្ញាធរមេត្តាជួយពួកគាត់ រំលាយកិច្ចសន្យាដើម្បីអាចយកដីនេះទៅលក់ឱ្យអ្នកផ្សេងទៀត ដោះស្រាយជីវភាពនិងទិញដីស្រែថ្មីសម្រាប់បង្កបង្កើនផលផង។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ តំណាងក្រុមហ៊ុនលោក លី វុទ្ធី គឺលោក អៀង យ៉ាន និងលោក ពុំ សំអុន បានប្រាប់ថា មិនមែនក្រុមហ៊ុនមិនព្រមប្រគល់លុយឱ្យគ្រប់នោះទេ គឺប្រជាពលរដ្ឋម្ចាស់ដីទេ ដែលពុំព្រមទទួល បន្ទាប់តម្លៃដីឡើងថ្លៃ។

យោងតាមចំណារលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ លោក នប់ ណាន់ មេឃុំអំពៅព្រៃបានបញ្ជាក់ថា ក្រុមហ៊ុនលោកលី វុទ្ធី មិនបានគោរពតាមកិច្ចសន្យា ដែលបានធ្វើជាមួយប្រជា ពលរដ្ឋប្រាកដមែន។

ចំណែកឯលោក អ៊ូ សាវឿន អភិបាលរងស្រុកកណ្តាលស្ទឹង បានប្រាប់ថា នេះជាភា រៈកិច្ចរបស់គូភាគីទាំងសងខាង អាជ្ញាធរមិនអាចលូកដៃបានទេ ព្រោះដីមានបណ្ណ័កម្មសិទ្ធិ ដូច្នេះ ជាកាតព្វកិច្ចរបស់គូភាគី លុះត្រាតែស្ថាប័ណ្ណតុលាការ ទើបអាចមានសិទ្ធចេញលិខិតរក្សាការពារលើដីនោះបាន។

ពាក់ពន្ធ័ករណីខាងលើនេះដែរភ្នាក់ងារយើងមិនអាចសុំការបំភ្លឺរបស់លោកលីវុទ្ធីីបានទេដោយមិនមានលេខទូរស័ព្ទហើយភ្នាក់KNVយើងនឹងរងចាំការបកស្រាយរបស់លោកជានឹច្ច៕ ដោយ សនសុភ័ក្ដ