អ្នកប្រដាល់ជើងថ្មីកម្ពុជា២រូប ឡើងប៉ះបរទេសលើសង្វៀនអាស៊ីអាគ្នេយ៍

320

ភ្នំពេញ: អ្នកប្រដាល់ទម្ងន់ធ្ងន់កម្ពុជាឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ហូសេន(Hosein)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

ហូសេនគេហ្វឹកហាត់ប្រដាល់នៅប្រទេសថៃគេទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនមាននរណាដឹងថាអ្នកប្រដាល់រូបនេះមានសមត្ថភាពប៉ុណ្ណាហើយមានរបៀបវ៉ៃអស្ចារ្យក៏ជាអ្នកប្រដាល់ដែលអន់នោះឡើយ ។សម្រាប់អ្នកប្រដាល់កម្ពុជាឯម ឡេងលីក៏មិនមែនជាអ្នកប្រដាល់ដែលខ្លាំងនោះដែរ ។

ឡេងលីគេទើបតែប្រកួតចាញ់ពិន្ទុអ្នកប្រដាល់រុស្ស៊ីអាតធឺ ស៊ូស៊ីនស្គី(Arthur Shushinsky)ពេលនេះគេឡើងតស៊ូជាមួយអ្នកប្រដាល់អ៊ីរ៉ង់មិនដឹងថាគេអាចយកឈ្នះបានឬក៏យ៉ាងណានោះឡើយ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៣៥ដង ឈ្នះ២៧ដង ចាញ់៧ដង និង ស្មើពិន្ទុ ១ ដង ។ចំពោះអ្នកប្រដាល់អ៊ីរ៉ង់ហូសេនវិញគេមានប្រវត្តិប្រកួតចំនួន៣៥ដងដែរដែលក្នុងនោះឈ្នះបាន២៥ដង ចាញ់ ១០ដង ។ឆ្លងដែនមកប្រកួតលើកដំបូងបែបនេះហូសេនស្ពាយជ័យជំនះត្រឡប់ទៅវិញ ឬ ស្ពាយបរាជ័យទៅវិញ ?

លី ភាក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត រ៉ាក់ណង(Yorth Raknong)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

នេះជាឱកាសដ៏កម្រមួយរបស់អ្នកប្រដាល់កម្ពុជារូបនេះក្នុងការប្រកួតជាមួយបរទេស ។ ការប្រកួតនេះប្រសិនបើគេបានទទួលជ័យជំនះគេនឹងទទួលបានឱកាសកាស់កាន់តែថែមទៀតក្នុងការប្រកួតជាមួយបរទេស ។សូមបញ្ជាក់ថាការប្រកួតជាមួយអ្នកប្រដាល់បរទេសមានតម្លៃខ្លួនខ្ពស់ជាងការប្រកួតជាមួយអ្នកប្រដាល់រួមជាតិ ។

លី ភាមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៥ ដង ចាញ់១១ ដង ។យ៉ត រ៉ាក់ណងគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់គួរសមដែរគេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។កណ្ដាប់ដៃ និងស្នៀតទាត់របស់គេល្អវ៉ៃចេញបានលឿន និងចល័តដកថយបានរហ័ស ។គេមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៥ដង ចាញ់១៧ដង ។ការប្រកួតនេះទាំងសងខាងសុទ្ធតែតាំងចិត្តយកឈ្នះដូចគ្នាមិនដឹងថានរណាជួបជោគជតាល្អនោះឡើយ ។