រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញអោយម្ចាស់ចំការ ដាំដំណាំហូបផ្លែទៅតាមលក្ខណៈបច្ចេកទេស ក្នុងការប្រើប្រាស់ជីធម្មជាតិ

532

ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដឹងនាំប្រតិភូ អញ្ជើញចុះសំណេះសំណាល និងត្រួតពិនិត្យចំការធុរេនធម្មជាតិ របស់ក្រុមហ៊ុនជីធម្មជាតិ EXM ចំនួន១៣ហិចតា ស្ថិតនៅភូមិក្រូច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន ប្រសាសន៍ថា ធុរេន គឺជាដំណាំហូបផ្លែមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួនធំ និយមចូលចិត្តព្រោះវាមានរស់ជាតិផ្អែមឈ្មុយឆ្ងាញ់ ។ ហើយដំណាំហូបផ្លែប្រភេទនេះ ចាប់ផ្តើមមានលក់លើទីផ្សារ ច្រើននៅចន្លោះចាប់ខែឧសភា ដល់ខែកក្កដា ។ នៅពេលរដូវធុរេនដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ក៏ដូចជាខេត្តដទៃមួយចំនួនធំ បាននឹកទៅដល់ធុរេននៅស្រុកមេមត់នេះតែម្ដង នេះបញ្ហាអោយឃើញពីការអោយចិត្តទុកដាក់ ក្នុងការគាំទ្រផលិតផលក្នុងស្រុករបស់កសិករផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដីនៅក្នុងស្រុកមេមត់ មានជីវជាតិល្អនិងមានសីតុណ្ហភាព សមស្របសម្រាប់ដំណាំហូបផ្លែដូចជា ដំណាំធុរេន.សាវម៉ៅ.មង្ឃុត.ប័រ និងដំណាំកសិកម្មមួយចំនួនផ្សេងទៀត ហើយបច្ចុប្បន្ននេះ ចំការធុ រេន នៅក្នុងស្រុកមេមត់មានចំនួនរាប់រយហិចតាកំពុងតែហុចផល និងកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និងទូទាំងប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានផ្ដាំផ្ញើដល់ម្ចាស់ចំការ និងកសិករទាំងអស់ សូមដាំដំណាំហូបផ្លែទៅតាមបច្ចេកទេសក្នុងការប្រើប្រាស់ជីធម្មជាតិ ដើម្បីងាយស្រួលក្នុងការនាំចេញទៅលក់នៅលើទីផ្សារក្នុងស្រុក និងទូទាំងប្រទេសទទួលបានលទ្ធផលល្អប្រសើរ ។ ដូច្នេះ ហើយសូមម្ចាស់ចំការ និងកសិករទាំងអស់ ត្រូវសហការជាមួយមន្ត្រីជំនាញក្នុងការពន្យល់ពីបច្ចេកទេសនានា ដើម្បីប្រែក្លាយដំណាំទាំងឱ្យមានសក្តានុពល និងទទួលបានទិន្នផលខ្ពស់ ជាពិសេសអាចនាំចេញ មកទីផ្សារឱ្យបានការតែច្រើនបន្ថែមទៀត ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដែលផ្តល់សក្ដានុពលខ្លាំងលើដំណាំហុបផ្លែគ្រប់ប្រភេទក្នុងនោះ ប្រជាពលរដ្ឋបានដាំដុះដំណាំធុរេន. សាវម៉ៅ.មង្ឃុត.ប័រ ជាច្រើនប្រភេទដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោកបានបន្តទៀតថា ដំណាំទុរេន ក្នុងខេត្តត្បូងឃ្មុំ បានដាំដុះលើផ្ទៃដីជាង៤០០ ហិចតាក្នុងនោះ នៅតែស្រុកមេមត់មានប្រមាណជាង ៣០០ហិចតា ។

ដោយឡែក ចំការធុរេនធម្មជាតិនេះ មានផ្ទៃដីប្រមាណជា១៣ហិចតា សរុប ១.១៤៥ ដើម ដាំធុរេន ១១ ពូជ ទាំងពូជក្នុងស្រុក និងនាំចូល និងអាចទទួលផលបានពីចាប់ពី៥០-៧០តោនក្នុង១ឆ្នាំ ហើយលក់បានតម្លៃចាប់ពី ៨០០០រៀលឡើងទៅ ក្នុង១គីឡូផងដែរ ៕