ទស្សនៈកូនខ្មែរ៖ បក្សព្រះអាទិត្យ រលាយពលរដ្ឋរីករាយ ការបោះឆ្នោតមិនឡើងកម្តៅ

0
59

(ភ្នំពេញ)៖ យុទ្ធនាការឃោសនាបោះឆ្នោតដែលនឹងចូលមកដល់នៅថ្ងៃទី ៧ កក្កដា ខាងមុខនេះ ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅដោយរលូនក្នុងលក្ខណៈគោរពគ្នាទៅវិញទៅមក និងមិនធ្វើឲ្យបរិយាកាសនយោបាយឡើងកម្តៅខ្លាំងដូចកាលពីមុនទេ។ ការរំពឹងបែបនេះពីព្រោះតែបក្សព្រះអាទិត្យដែលជាមេនាំភ្លើងបានរលាយបាត់ទៅហើយ។ ចំណែកគណបក្សនយោបាយទាំង ២០ ដែលត្រៀមប្រកួតក្នុងការបោះឆ្នោតលើកនេះសុទ្ធសឹងតែមានគោលនយោបាយសន្តិភាព និយម ដោយគ្មានគណបក្សណាមួយដើរតាមគន្លងអតីតគណបក្សសង្គ្រោះជាតិឡើយ។

កន្លងទៅនេះ អតីតបក្សប្រឆាំងដែលយក សញ្ញាព្រះអាទិត្យជាតំណាងបានធ្វើឲ្យប្រទេសជាតិក្តៅក្រហាយតែរហូត ជាពិសេសក្នុងរដូវឃោសនាបោះឆ្នោតតែម្តង។ បក្សព្រះអាទិត្យ ឬបក្សភ្លើង មានជំនាញខាងដុត គឺដុតរហូតគ្មានឈប់ឈរឡើយ។ ហេតុដូច្នេះហើយ បានជាពីមុន ឲ្យតែដល់រដូវបោះឆ្នោត ពលរដ្ឋត្រៀមអង្ករ ត្រីងៀត អ្នករត់ម៉ូតូឌុបត្រៀមសាំង អ្នកវិនិយោគទុនផ្អាកគម្រោងធំៗមួយរយៈ ដោយម្នាក់ៗដេកព្រួយថា មិនដឹងថា មានអ្វីនឹងកើតឡើងរីឯអចលនទ្រព្យវិញ ក៍នៅទ្រឹងគ្មានហាងឆេងសោះ។

មូលហេតុគឺមកពីបក្សសញ្ញាព្រះអាទិត្យដែលជានិមិត្តរូបនៃកម្តៅតែងតែដើរដុតកម្តៅសភាពការណ៍គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។ ការឃោសនារបស់ពួកគេ ម៉ាត់ណាក៏វាយប្រហារ ជេរប្រមាថថ្នាក់ដឹកនាំរដ្ធាភិបាលរបស់បក្សកាន់អំណាច។ ម៉ាត់ណាក៏បង្ហាញពីនយោបាយគំនុំសងសឹក និងម៉ាត់ណាក៏បង្ហាញពីការញុះញង់ឲ្យស្អប់ខ្ពើមជាតិសាសន៍។ ល។យោបាយរបស់ពួកគេគឺយកអ្នកដឹកនាំប្រទេសបច្ចុប្បន្ន យកអ្នកមាន និងយកជនជាតិ បរទេសជិតខាងធ្វើជាសត្រូវ។ គឺក្នុងន័យនេះហើយដែលធ្វើឲ្យអ្នកវិនិយោគទុន និងប្រជាពលរដ្ឋទូទៅព្រួយបារម្ភនៅរាល់ពេលការបោះឆ្នោត។

ប៉ុន្តែបច្ចុប្បន្នស្ថានការណ៍បាន ប្រែប្រួល១៨០អង្សារខុសពីមុន។ ជាក់ស្តែងនៅពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី ២៩ កក្កដានេះ កាន់តែកៀកចូល មកដល់ ពលរដ្ឋខ្មែរមិនបានព្រួយបារម្ភអ្វីទៀតទេ។ ពួកគេសប្បាយរីករាយដោយមិនខ្វល់ពីរឿងនយោបាយ។ អ្នកវិនិយោគទុនធ្វើសកម្មភាពវិនិយោគដូចធម្មតា និងកាន់តែខ្លាំងជាងមុន។ ទីផ្សារអចលនទ្រព្យ មានដីធ្លី និងផ្ទះសម្បែង មានសកម្មភាព រស់រវើក និងបន្តឡើងថ្លៃជាងមុនថែមទៀត។

ភាពខុសគ្នានេះកើតឡើងដោយសារ៖

ទី១៖ គឺមកពីប្រជាពលរដ្ឋ និងអ្នកវិនិយោគទុន ទាំងក្នុងស្រុក និងបរទេស មានជំនឿលើគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ធមន្ត្រីហ៊ុន សែនដែលជាអ្នកធានាសុខ សន្តិភាព និងស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។

ទី២៖ មកពីគណបក្សដែលចាំតែក្រឡុកសភាពការណ៍ឲ្យឡើងកម្តៅតែរហូតនោះគ្មានវត្តមានក្នុងឆាកនយោបាយកម្ពុជា ទៀតទេ។ គ្មានអ្នកក្រឡុក ស្រុកទេសនឹងបានស្ងប់ស្ងាត់ និងស្គាល់ការរីកចម្រើនកាន់តែខ្លាំង។

ទី៣៖ គណបក្សនយោបាយទាំង ១៩ ផ្សេងទៀត សុទ្ធតែមានគោលនយោបាយសន្តិភាព និយម មិនដើរតាមគន្លងអតីត បក្សប្រឆាំង។
ដោយសារតែមិនពេញចិត្តនឹងគោលនយោបាយ«ដៃភ្លើងជើងមាន់» របស់អតីតបក្សសង្គ្រោះជាតិនេះហើយទើបបានជាគណបក្សផ្សេងៗ ទៀតកើតឡើងយ៉ាងច្រើនក្នុង នោះក៏មានគណបក្សមួយចំនួនកើតចេញពីផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិតែម្តងដោយសារតែពួកគេមិនពេញចិត្តនឹងនយោបាយរបស់លោក សម រង្ស៊ី ។

ទី៤៖ ពួកគេបានមើលឃើញថា សហគមន៍អន្តរជាតិ បន្តគាំទ្រ និងបង្កើនកិច្ចសហការណ៍យ៉ាងល្អជាមួយរដ្ធាភិបាលកម្ពុជា ជាពិសេសបន្តជួយជ្រោមជ្រែងការបោះឆ្នោតខាងមុខ គឺមិនដូចជាអ្វីដែលក្រុមអតីតគណបក្សភ្លើងបានឃោសនានោះឡើយ។

ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេចក្តីសន្និដ្ឋានប្រកបដោយភាពជាក់លាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតលើកនេះនឹងមិនធ្វើឲ្យ ស្ថានការណ៍ឡើងកម្តៅដូច មុន នោះទេ រីឯប្រជាពលរដ្ឋភាគច្រើនលើសលប់ក៍នឹងចេញទៅបោះឆ្នោតដោយ ស្ងប់សុខ គ្មានអំពើហិង្សា និងគ្មានបញ្ហាអ្វីទាំងអស់។ ពួកគេទៅបោះឆ្នោតដើម្បីរក្សាលំនឹងជីវភាព រក្សាការងារ និងបង្កើនប្រាក់ចំណូលរបស់ខ្លួន។ នៅក្រោយការបោះឆ្នោត ក៏នឹងគ្មានសភាពការណ៍វឹកវរណាមួយកើតឡើងទៀតដែរ។

សរុបទៅ ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខគឺជាការបោះឆ្នោតដោយសុខ សន្តិភាព និងដោយតម្លាភាព ទាំងមុនពេលបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ អាចនិយាយបានថា ចប់ហើយសម័យកាលវឹកវរក្រោយការបោះឆ្នោត គឺចប់ដោយសារគណបក្សដែលតែង នាំកាតក្តៅក្រហាយដល់ប្រទេសជាតិ និងប្រជាជនបាន រលាយបាត់ទៅហើយ៕

ដោយ កូនខ្មែរ

Facebook Comments