លិខិតមិត្តអ្នកអាន៖ សហគមន៍អន្តរជាតិបន្តគាំទ្រ បុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

0
78

(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ នៅសល់រយៈពេលតែចំនួន ៣៥ ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា នឹងមកដល់ជាមួយការរំពឹងថានឹងមានការចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលុបរបស់ប្រជាពលរដ្ឋខ្មែរជាង ៨,៣លាននាក់ ដែលមានសិទ្ធិបោះឆ្នោត បើទោះបីជាក្រុមអ្នកនយោបាយ រត់ចោលស្រុកខិតខំព្យាយាមជាន់ឈ្លីសិទ្ធិអំណាចប្រជាពលរដ្ឋ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់ប្រជាពលរដ្ឋមួយចំនួនមិនឱ្យទៅបោះឆ្នោត និងព្យាយាមរាំងខ្ទប់សហគមន៍អន្តរជាតិចូលរួមគាំទ្រយ៉ាងណាក៏ដោយ។

ការបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងបំផ្លាញការបោះឆ្នោតនៅកម្ពុជារបស់ក្រុមប្រឆាំង នឹងមិនទទួលបានជោគជ័យឡើយ ព្រោះថាទាំងប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិមិនគាំទ្រ និងមិនឱ្យតម្លៃសូម្បីតែបន្តិចចំពោះទង្វើក្បត់ជាតិ និងការសម្លាប់ប្រជាធិបតេយ្យ ដែលក្រុមប្រឆាំងកំពុងតែជ្រើសរើសធ្វើ នៅក្នុងនាទីចុងក្រោយ ដើម្បីស្រោចស្រង់ខ្មោចបក្ស សង្គ្រោះជាតិឱ្យរស់ឡើងវិញនេះទេ។ ពួកគេបានស្ថិតក្នុងនាទីចុងក្រោយនៃការជីកកប់ខ្លួនបន្ទាប់ពីស្លាប់ទាំងបក្ស និងទាំង ជីវិតនយោបាយរបស់ខ្លួនក្រោយពីដើរខុស យុទ្ធសាស្ត្រក្បត់ជាតិ ឃុបឃិតជាមួយបរទេសរួចមក។

ក្រុមប្រឆាំងក្រៅច្បាប់បានដើរញុះញង់អ្នកគាំទ្ររបស់ខ្លួនមួយក្តាប់តូចនៅតាមប្រទេសនានាធ្វើបាតុកម្មលេងសើច ដើម្បីធ្វើជាឡប់ឡែ បោកប្រាស់សហគមន៍អន្តរជាតិ និងជនបរទេសមួយចំនួន ដែលជាចៅហ្វាយរបស់ខ្លួន។ តែនេះគឺគ្មានប្រយោជន៍អ្វីទាំងអស់ ព្រោះពួកគេគ្រាន់តែជាតំណាងសំឡេងបន្តិចបន្តួចនៃក្រុមអ្នកក្បត់ជាតិ ដែលកំពុងតែព្យាយាមបង្ហាញពីរូបភាពអាក្រក់ ខុសពីការពិតដែលកម្ពុជាបច្ចុប្បន្នកំពុងពោរពេញដោយសុខសន្តិភាព គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ប្រទេសមួយចំនួនដែលពួកគេទាមទារកុំឱ្យគាំទ្រការបោះឆ្នោតនៅកម្ពុជា បានយល់ដឹងច្បាស់ណាស់ថា កិច្ចការបោះឆ្នោតគឺជា កិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងមិនជឿលើអ្វីដែល ជាការមួលបង្កាច់របស់ក្រុមប្រឆាំងឡើយ។ សហគមន៍អន្តរជាតិ និងមេដឹកនាំនៃប្រទេសនានា ក្នុងពិភពលោកបានវាយតម្លៃខ្ពស់ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគាំទ្រលើដំណើរការអនុវត្តច្បាប់នៅកម្ពុជាក្នុងទិសដៅថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។ កម្ពុជាដែលពេលថ្មីៗនេះត្រូវបានសហគមន៍អន្តរជាតិបោះឆ្នោតគាំទ្រ ធ្វើជាអនុប្រធានមហាសន្និបាតអសបលើកទី៧៣ និងបោះឆ្នោតឱ្យធ្វើជាសមាជិកក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ច (Ecosoc) របស់អសបសម្រាប់ឆ្នាំ ២០១៩។ តឹកតាងនេះអាចប្រាប់ដល់ក្រុមប្រឆាំងក្រៅច្បាប់ដឹងថា សហគមន៍អន្តរជាតិធ្វើការងារ និងគោរពរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងមិនធ្វើការងារជាមួយក្រុមប្រឆាំងក្រៅច្បាប់ និងជាប់ឈ្មោះជាជនក្បត់ជាតិនោះទេ។

ក្រុមប្រឆាំងក្រៅច្បាប់ ព្យាយាមឱ្យជនក្បត់ជាតិ កឹម សុខា រួចពីបទចោទក្បត់ជាតិ និងជួយសង្គ្រោះជីវិតនយោបាយរបស់ សម រង្ស៊ី ពីសំណាញ់ច្បាប់ ដោយធ្វើជាមិនយល់ពីទង្វើក្បត់ជាតិដែលមេដឹកនាំបក្សនយោបាយមួយទៅឃុបឃិតនិង លក់ខ្លួនបម្រើផលប្រយោជន៍បរទេស។ ពួកគេចង់បានខ្មោចបក្សបំផ្លាញជាតិរស់ឡើងវិញ ខណៈបក្សនេះគឺជាអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ ដែលដឹកនាំការបំផ្លាញសន្តិភាពនិងការអភិវឌ្ឍជាតិ។ អ្វីដែលពួកគេធ្វើនេះដើម្បីគ្រាន់តែបម្រើផលប្រយោជន៍បរទេស និងប្រឆាំងនឹងកម្ពុជា ព្រោះពួកគេក៏ដឹងថាក្តីសង្ឃឹមគឺមិន មានឡើយសម្រាប់ក្រុមជនក្បត់ជាតិ និងបក្សបំផ្លាញជាតិ។ ពួកគេបាននិងកំពុងចាញ់ល្បិចជនបរទេស និងជនជាតិខ្មែរលក់ខ្លួនឱ្យបរទេសដូចជា សម រង្ស៊ី ជាដើមក្នុងការអនុវត្តផែនការបង្ខូច រំខាន និងបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេបានខិតខំលាបពណ៌ថា ការបោះឆ្នោត ដែលកំពុងតែដំណើរការស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ និងការគាំទ្រពីសហគមន៍អន្តជាតិ និងប្រជាពលរដ្ឋខ្មែរគឺជាការបោះឆ្នោត ក្លែងក្លាយ។ ការលាបពណ៌ដើម្បីតែ ម្យ៉ាងគឺបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

ប៉ុន្តែទោះបីជាមានការបំផ្លាញសព្វបែបយ៉ាងពីក្រុមអ្នកនយោបាយរត់ចោលស្រុក និងឧទ្ទាមខុសច្បាប់ក៏ដោយ ក៏ដំណើរការអនុវត្តសិទ្ធិក្នុងការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានៅតែបន្តរឹងមាំជានិច្ច និងរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយដំណើរការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះនឹងប្រព្រឹត្តទៅតាមការគ្រោងទុក។

លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានជំងឺតួឯកឡើយហើយគ្មានវត្តមានខ្មោចបក្សបំផ្លាញជាតិក្នុងការបោះឆ្នោតក៏ដំណើរការលទ្ធិប្រជាធិបតេយ្យ ដំណើរការជាប្រក្រតី។ ប្រជាធិបតេយ្យ នៅកម្ពុជាមិនមែនស្ថិតនៅលើបបូរមាត់របស់ក្រុមអ្នកនយោបាយ រត់ចោលស្រុកទេ ហើយ ក៏មិនអាស្រ័យលើការស្រែកឡូឡាតាមផ្លូវរបស់ ក្រុមបាតុករមួយក្តាប់តូច ដើម្បីការពារផលប្រយោជន៍បុគ្គលរបស់ជនមួយចំនួននៅក្រៅប្រទេស និងមិនមែនទាល់តែមានបក្សក្បត់ជាតិ ទើប កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្សឡើយ។

ក្រុមប្រឆាំងក្រៅច្បាប់កាន់តែធ្វើយុទ្ធនាការបំផ្លាញកម្ពុជាសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ការគាំទ្ររបស់សហគមន៍អន្តរជាតិក្នុងការលើកតម្កើង សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់មកជាបន្តបន្ទាប់តាមរយៈការត្រៀមបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ក៏ដូចជាការផ្តល់ជំនួយគាំទ្រ លើដំណើរការបោះឆ្នោតនៅកម្ពុជា។ តាមពិត កម្ពុជាមិនចាំបាច់ត្រូវការប្រទេសណាមួយ ឬអង្គការណាមួយទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ឬទទួលស្គាល់រាជរដ្ឋាភិបាលដែលបង្កើតឡើងដោយការបោះឆ្នោតតាមបែប ប្រជាធិបតេយ្យឡើយ ប៉ុន្តែការរស់នៅក្នុងតំបន់ និងលើពិភពលោករួមគ្នាតែមួយ ប្រទេសនីមួយៗ ចាំបាច់ត្រូវផ្តល់ការគាំទ្រគ្នា និងជួយគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យសណ្តាប់ ពិភពលោកនេះ មានភាពល្អប្រសើរ ចាកផុតពីការគំរាមកំហែងផ្នែកបដិវត្តន៍ពណ៌ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីបរទេស។ សហគមន៍អន្តរជាតិចូលរួមគាំទ្រការបោះឆ្នោត នៅកម្ពុជា ក្នុងនោះមានប្រទេសជប៉ុន ជាដើមដើម្បីធានារក្សាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដូច្នេះប្រជាពលរដ្ឋខ្មែរនឹងអញ្ជើញទៅបោះឆ្នោតដើម្បីលើកស្ទួយសិទ្ធិអំណាចប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។

ប្រជាពលរដ្ឋខ្មែរមិនបានបន្តដេកឱបខ្មោចបក្សសង្គ្រោះជាតិបន្តទៀតទេ ពួកគេមានជម្រើសថ្មីៗនៅ ក្នុងការបោះឆ្នោតខាងមុខព្រោះគណបក្សនយោបាយ២០ បានចូលរួមប្រកួត ប្រជែងការបោះឆ្នោតតាមបែប សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ បងប្អូនប្រជាពលរដ្ឋក៏មិន ជឿតាមការញុះញង់របស់ មេចលនាឧទ្ទាមក្បត់ជាតិ សម រង្ស៊ី នៅដេកផ្ទះដែរ ព្រោះចង់បានលទ្ធិប្រជាធិបតេយ្យគឺត្រូវទៅបោះឆ្នោត មិនមែនដេកផ្ទះដូច សម រង្ស៊ី ដោយសារតែអស់សិទ្ធិធ្វើនយោបាយ គ្មានសិទ្ធិបោះឆ្នោត និងជាអនុប្រជាជននោះទេ។

សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប បានចុះឈ្មោះចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោត នេះរួចហើយ ដូចជាប្រទេសឥណ្ឌូនេស៊ីជាដើមដែលតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនបានជម្រាបជូនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អំពីការសម្រេចរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបញ្ជូនអ្នកសង្កេតការណ៍ចំនួនពីរក្រុម មកចូលរួមសង្កេតការបោះឆ្នោតទូទៅ នៅកម្ពុជាក្នុងខែកក្កដានេះ ដែលក្រុមមួយដឹកនាំ ដោយឥស្សរៈជនជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី ហើយក្រុមមួយទៀត ដឹកនាំដោយអ្នកការទូតជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី មកចូលរួមជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនៅកម្ពុជា។ បើតាមលោក ជុំ សុន្ទរី មន្ត្រីនាំពាក្យក្រសួងការបរទេស ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ជំហររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ពីការគោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ ប្រទេសផ្សេងៗទៀត ក៏បានត្រៀមខ្លួនប្រកាសគោលជំហរស្រដៀងគ្នានេះដែរ៕

ដោយ៖ ពល ពានរិទ្ទ
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨

Facebook Comments