ដូណាល់ ត្រាំ ចេញបញ្ជា​ផ្ទាល់​ឲ្យបញ្ជូនជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចេញពី​​អាមេរិក​​វិញជា​បន្ទាន់

1078

ប្រធានាធិបតី​​អាមេរិក ដូណាល់​ ត្រាំ បានបង្ហោះសារ​​នៅក្នុង Twitter របស់លោក យ៉ាង​ដូច្នេះថា «យើងមិនអាច​​បណ្តោយឲ្យមនុស្ស​​ទាំងនោះ ឈ្លានពាន​ប្រទេសយើង​បានទៀតទេ។ នៅពេលដែល​ពួកគេចូលមក​កាន់ទីនេះ យើងត្រូវតែ​បញ្ជូនពួកគេចេញ​ទៅកាន់កន្លែងដើមវិញ​​ភ្លាមៗដោយ​មិនចាំបាច់យកទៅ កាត់ក្តី ឬក៏ឡើង​​តុលាការ នោះ​ឡើយ។ ប្រព័ន្ធដែល​​យើង​អនុវត្តន៍នេះ គឺជាជំហរមួយ​​ទៅកាន់​គោលនយោបាយ​អន្តោប្រវេសន៍​ និង​ច្បាប់ ព្រមទាំងសណ្តាប់ធ្នាប់​ដ៏ល្អ។ ក្មេងៗភាគ​ច្រើន​បានមក​ទីនេះ ដោយគ្មាន​ឪពុក​ម្តាយមក​ជាមួយ​នោះ​ឡើយ…»។

កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាស​អំពីផែនការមួយ​ក្នុងការអនុញ្ញាត​ឲ្យក្មេងៗអន្តោប្រវេសន៍ អាចជួបជុំជា​មួយ​ឪពុកម្តាយ​របស់ពួកគេវិញ​នៅក្នុងមណ្ឌល​ឃុំឃាំង ក្នុងរដ្ឋតិចសាស់ ដែលជាប់ព្រំដែនជាមួយ​ប្រទេសម៉ិចស៊ីកូនោះ។ ទោះបីជាបែបនេះក្តី ក្រោយមកទៀត​ក្រសួងសន្តិសុខមាតុភូមិ​អាមេរិកបាន​តបទៅលោក ត្រាំ វិញថា វាមិនអាចកើត​ឡើងទៅរួចនោះ​ឡើយ លុះត្រាណា​តែឪពុកម្តាយ​ដែលជាប់​ឃុំ​ខ្លួន​នោះ ត្រូវបញ្ចូនចេញ​ពី​​សហរដ្ឋអាមេរិក​​រួចរាល់​ជា​មុនសិន។