អាជ្ញាធរជាតិអប្សរាបំភ្លឺទៅបណ្តាញសង្គមអំពីអក្សរបរទេសនៅលើថ្មប្រាសាទអង្គរវត្ត

375

ថ្មីៗនេះ គេហទំព័រមួយឈ្មោះសារព័ត៌មានក្រមា បានចុះផ្សាយថា «អ្នកលេងហ្វេសបុករិះគន់អាជ្ញាធរអប្សរា ដែលមិនមើលជនជាតិចិនសរសេរអក្សរចិននៅក្នុងបរិវេណប្រាសាទអង្គរវត្ត» កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

អត្ថបទនេះបានលើកយកមតិរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប្រើនូវពាក្យអសុរោះ ប្រមាថមើលងាយ និងផ្តល់ភាពអយុត្តិធម៌ហាក់គ្មានការយល់ដឹងច្បាស់លាស់ពីអ្វីដែលកើតឡើងពីមុនមក ជាពិសេសលើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ជំនាញក្នុងការថែរក្សាបេតិកភណ្ឌក្នុងតំបន់អង្គរ។

ទាក់ទងនឹងការលើកឡើងខាងលើនេះ វាមិនមែនជារឿងថ្មីទេ ព្រោះអាជ្ញាធរជាតិអប្សរាធ្លាប់បានធ្វើលិខិតបំភ្លឺម្តងរួចមកហើយ ដែលចុះផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ បានគូសបញ្ជាក់ថា៖ អក្សរបរទេសដែលមានចារលើថ្មជញ្ជាំងឬសរសេរនៅអង្គរវត្តនោះ ត្រូវបានក្រុមសិក្សាស្រាវជ្រាវសិលាចារឹកនៃអាជ្ញាធរជាតិអប្សរា ចុះបញ្ជីនិងសិក្សាតាំងពីឆ្នាំ២០០២មកម្ល៉េះ។ ភាសាបរទេសដែលបានសរសេរនិងចារលើថ្មប្រាសាទអង្គរវត្ត មានដូចជា ជប៉ុន ចិន ភូមា សៀម បារាំង និងវៀតណាមជាដើម។ អក្សរប្រភេទនេះអ្នកស្រាវជ្រាវចាត់ទុថាជា Graffiti តាមនិយាមអន្តរជាតិ ដែលមិនមែនជាប្រភេទសិលាចារឹកគំនូរឬចម្លាក់ទេ។

តាមការសិក្សារបស់ក្រុមសិលាចារឹកបានផ្ដល់ព័ត៌មានថា ក្នុងចំណោមអក្សរជាភាសាបរទេសទាំងអស់បានសរសេរលើថ្មប្រាសាទ គឺភាសាជប៉ុនមានអាយុកាលចាស់ជាងគេ សរសេរនៅដើមសតវត្សទី១៧។ រីឯភាសាផ្សេងៗទៀត សរសេរនៅចុងសតវត្សទី១៩ដើមសតវត្សទី២០ និងមុនឆ្នាំ១៩៤៩។ ភាសាវៀតណាម ដែលប្រទះនៅទីនេះមានពីរសម័យកាលគឺនៅដើមសតវត្សទី២០និងនៅមុនឆ្នាំ១៩៤៩។ បើយើងសរុបន័យសេចក្តីចំណារនិងការសរសេរលើថ្មដូចពោលមកពីខាងលើនោះ ក៏មាននិយាយអំពីអ្នកស្វែងបុណ្យមកពីជប៉ុន ភូមា សៀម និងវៀតណាមមកសំពះបូជនីយដ្ឋានអង្គរវត្ត ជាទឹកដីរបស់ព្រះដែលគេឯងតែងមកគោរពបូជា។

អង្គរវត្តកសាងឡើងកាលពីដើមសតវត្សទី១២ឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។ តែចាប់ពីក្រោយសម័យអង្គរមក អង្គរវត្តបានក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា មិនត្រឹមតែចំពោះខ្មែរប៉ុណ្ណោះទេ តែចំពោះពុទ្ធសាសនិកជនទូទាំងអាស៊ីភាគអាគ្នេយ៍ទាំងមូល ដែលមានភស្តុតាងជាសំណេរនិងចំណារលើថ្មនៃជនជាតិទាំងនោះស្រាប់។

ទន្ទឹមនឹងនេះក៏មានជាឈ្មោះមនុស្សនៃជនជាតិនានាច្រើនជាតិសាសន៍មកទស្សនាមុនទសវត្ស១៩៩០បានសរសេរឬចារទុកសម្គាល់ថា ខ្លួនបានមកដល់អង្គរវត្តទីឋានដ៏ខ្ពង់ខ្ពស់លើលោក។ ក្រោយមកគឺគ្មានចំណារលើសាច់ថ្មដូចមុនទៀតទេ តែអាចមានសំណេរលួចលាក់ដែលសរសេរដោយធ្យូង ដីស ទឹកថ្នាំលុប ពណ៌សឬពណ៌ផ្សេងៗមួយចំនួនតូចនៅតាមកន្លែងស្ងាត់ផុតពីភ្នែកឆ្មាំប្រាសាទ។ បច្ចុប្បន្ននេះ ដោយយោងតាមច្បាប់ស្ដីពីការការពារបេតិកភណ្ឌ អាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឱ្យមានការសរសេរឬចារលើសាច់ថ្មនៅតាមជញ្ជាំងឬសសរប្រាសាទទៀតឡើយ។

នៅដើមទសវត្ស១៩៩០ឆ្មាំប្រាសាទនៃអភិរក្សដ្ឋានអង្គរបានព្យាយាមកោសលុបអក្សរចំណារទាំងនោះខ្លះដែរ។ ប៉ុន្តែការប្រឹងនេះមិនសូវបានផល ហើយបានធ្វើឱ្យបាត់ដានប្រវត្តិសាស្ត្ររបស់អង្គរ។ អ្នកស្រាវជ្រាវបរទេសមួយចំនួនដែលស្រាវជ្រាវពីអង្គរ តែងតែនិយាយក្នុងសៀវភៅផ្សព្វផ្សាយរបស់ខ្លួនថា អង្គរត្រូវបានគេបោះបង់ចោលក្លាយជាព្រៃស្មសាន ព្រៃស្វា ខ្លាដំរី ទើបតែស្រាវជ្រាវឃើញដោយជនបរទេសទាំងនោះ នាចុងសតវត្សទី១៩។ ដូច្នេះអ្វីដែលបាននិយាយខាងលើ គឺជាភស្តុតាងប្រាកដប្រជាបង្ហាញឱ្យឃើញថាគ្មានពេលណាមួយដែលអង្គរក្លាយជាព្រៃស្មសាន ព្រៃខ្លាដំរី ពោលគឺមានមនុស្សរស់នៅថែទាំរៀងរហូត គ្រាន់តែថយចំនួនដោយសារការប្ដូររាជធានីទៅកាន់ទីតាំងផ្សេង៕