ជនជាតិចិន១ក្រុម ជិះរថយន្ត Rolls Royce ប្រដាប់ដោយអាវុធ ប្លន់ជនជាតិខ្មែរ

1092

ភ្នំពេញៈ ក្រុមចោរប្លន់ប្រដាប់អាវុធជនជាតិចិនមួយក្រុម មានគ្នា៤នាក់ ប្រដាប់ដោយអាវុធ ជិះឡានទំនើប Rolls Royce ធ្វើសកម្មភាពប្លន់ជនជាតិខ្មែរម្នាក់ កាលពីម៉ោង៨៖៤០នាទីយប់ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងក្លឹបកាហ្សា២ នៅចំណុចអតីតផ្សារទំនើបអូស៊ីអាស៊ាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុជាង២ម៉ោង ជនរងគ្រោះឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ បានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យជំនាញ ថាមានជនជាតិចិនគ្នា៤នាក់ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ប្លន់គាត់ដោយប្រើវិធីវីឆាត ” Wechat ” ហៅគាត់យកលិខិតឆ្លងដែនទៅបន្តទិដ្ឋាកា” ។ ហើយក្រុមជនសង្ស័យយកសម្ភាររបស់គាត់រួមមាន ៖ លុយ៥០០ដុល្លារ បណ្ណ័បើកបរ១សន្លឹក បណ្ណ័សំគាល់រថយន្ត១សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

កងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១១យប់ថ្ងៃដដែល ទើបកម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ ដែលកំពុងផឹកស៊ីនៅក្លឹបកម្សាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ៖ លុយដុល្លារ ៥០០ដុល្លា (របស់ជនរងគ្រោះ) អាវុធខ្លី១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព) និងរថយន្តម៉ាក Rolls Royce ពណ៌ស្លែ ស្លាកលេខភ្នំពេញ ២BP-៦៦៦៦(មធ្យោបាយធ្វើសកម្មភាព)។ ចំណែកជនសង្ស័យ ៣នាក់ទៀត ជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។