ទេវតាជួយកម្ពុជារហូត!

0
78

(ភ្នំពេញ)៖ រាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋខ្មែរបានទទួលដំណឹងដ៏រំភើបនិងប្រកបដោយមោទនភាពជាតិ ដែលកម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងជា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជា ជាតិជាមួយសំឡេងគាំទ្រច្រើនលើសលប់ ១៨៣ សំឡេងលើ ១៨៨ សំឡេងនៃ សមាជិកអ.ស.ប។ មោទនភាពជាតិនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងទាំងថ្ងៃ ទាំងយប់របស់ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាល កម្ពុជា ពន្យល់និងបង្ហាញពីកិច្ចការខ្លួនដែលបានធ្វើ និងការតាំងចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយពិភពលោកទាំងមូលលើការអភិវឌ្ឍ រក្សាសុខសន្តិភាព និង សុខុមាលភាពរបស់មនុស្សជាតិ។ ការទទួលបានសំឡេងគាំទ្រស្ទើរ ១០០%ពីចំនួនសមាជិកអង្គការសហប្រជាជាតិសរុបនេះ បង្ហាញថាពិភពលោកបានជឿជាក់លើកម្ពុជា និងជឿថាកម្ពុជាអាចធ្វើបាន និងត្រៀមខ្លួនចូលរួមយ៉ាងសកម្មក្នុងកិច្ចការពិភពលោកក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដើម្បីវិបុលភាពរបស់ មនុស្សជាតិទាំងមូល។

កម្ពុជា ពេលនេះ បានបោះជំហានទៅមុខប្រកបដោយមោទនភាព និងប្រកប ដោយកិត្យានុភាពជាតិដោយសារតែភាពត្រឹមត្រូវនៃនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា និងការវាយតម្លៃខ្ពស់លើសមិទ្ធផលការងាររបស់កម្ពុជាក្នុងការកសាងជាតិ កសាងសន្តិភាព និងសាមគ្គីជាតិខ្មែរ។ សុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយដែលកម្ពុជាទទួលបានក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសពេញលេញដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ។ ក្នុងសុខសននតិភាពរយៈពេល ២០ ឆ្នាំមកនេះ កម្ពុជាអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះកំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំ ធ្វើឱ្យអត្រានៃភាពក្រីក្រធ្លាក់ចុះ និងជីវភាពប្រជាជនកម្ពុជាមានការរីកចម្រើនធូរធារ សង្គមជាតិកាន់តែមានសុខុមាលភាព ពលរដ្ឋកាន់តែមានឱកាសក្នុងការអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាព និងចូលរួមក្នុងកិច្ចការសង្គម។ កម្ពុជាក៏បានប្រែក្លាយខ្លួនពីប្រទេសដែលទទួលកម្លាំងកងទ័ពមួកខៀវរបស អ.ស.បដើម្បីថែរក្សាសន្តិភាព មកជាប្រទេសដែលបានបញ្ជូនកងកម្លាំងមួកខៀវជាច្រើនពាន់នាក់ចូលរួមក្នុងបេសកកម្មក្រោមឆ័ត្ររបស់ អ.ស.ប។
សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថាជាខ្លានៅអាស៊ី ខណៈប្រទេសមួយចំនួននៅទ្រឹង ឬធ្លាក់ចុះ។ កម្ពុជាបាន ចាកចេញពីភាពក្រីក្រតោកយ៉ាកមកជាប្រទេសមានឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតទាប ហើយនៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ លើសពីនេះ កម្ពុជាត្រូវបានទទួលស្គាល់ថាជា ប្រទេសដែលមានសេរីភាពសារព័ត៌មានល្អជាងគេនៅក្នុងតំបន់អាស៊ាន និងមានការផ្លាស់ប្តូរអំណាចតាមដំណើរការលទ្ធិប្រជាធិបតេយ្យយ៉ាងទៀងទាត់ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ កម្ពុជាគោរពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។

កត្តាទាំងនេះធ្វើឱ្យសហគមន៍អន្តរជាតិមានជំនឿទុកចិត្តខ្លាំងមកលើរាជរដ្ឋា ភិបាល មកលើប្រជាជនកម្ពុជា និងជាតិកម្ពុជាទាំងមូល និងផ្តល់ជំនឿថាកម្ពុជានិងយកបទពិសោធជោគជ័យនានាចែករំលែកជាមួយពិភពលោកដើម្បីភាពសុខដុម និងការរីកចម្រើនរបស់ពិភពលោកក្នុងសុខសន្តិភាពនិងស្ថិរភាព។ ភាព ជោគជ័យផ្ទួនៗរបស់កម្ពុជានៅលើឆាកអន្តរជាតិផ្នែកវិស័យនយោបាយ និងការទូត បានធ្វើឱ្យកិត្យានុភាពនិងកេរ្តិ៍ឈ្មោះកម្ពុជាកាន់តែល្បីសុះសាយ និងធ្វើ ឱ្យកម្ពុជាមានតួនាទីសំខាន់លើឆាកអន្តរជាតិ។ ប្រទេសចំនួន ១៨៣ លើពិភពលោកបានផ្តល់យុត្តិធម៌ និងសច្ចធម៌ពិតដល់កម្ពុជាដែលធ្លាប់ត្រូវ បានបំផ្លាញដោយសង្គ្រាមបង្កើតឡើងនិងមានមហាអំណាចនៅពីក្រោយខ្នង ផ្តល់ការគាំទ្រដល់ប្រទេសមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែករបស់អាមេរិកកាំង ជាង ៣ លានតោន គាំទ្រដល់ប្រទេសមួយដែលបានតស៊ូរើបម្រះពី សោកនាដកម្ម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងគាំទ្រដល់ប្រទេសមួយដែលខិតខំប្រឹងរស់ដោយខ្លួនឯងប្រឈមមុខនឹងសម្ពាធនយោបាយ និង ទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចឹមប្រទេសដាក់មកលើកម្ពុជាគ្រាន់តែកម្ពុជាវាយផ្តួល រំលំរបបខ្មែរក្រហមសង្គ្រោះជាតិ និងប្រជាជនចេញពីសេចក្តីស្លាប់។

ភាពជោគជ័យដ៏ត្រចះត្រងលើវិស័យនយោបាយ និងការទូតនៅលើឆាកអន្តរជាតិនេះក៏ជាការទះកំផ្លៀងក្រុមអ្នកនយោបាយរត់ចោលស្រុក និងចៅហ្វាយបរទេសរបស់ខ្លួនថាទោះបីជាខ្លួនបានធ្វើយុទ្ធនាការបំផ្លាញមុខមាត់កម្ពុជានៅបរទេស រហូតដល់ចំណាយលុយ ២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនបរទេសបំផ្លាញកម្ពុជា ក្រុម អ្នកនយោបាយបរទេសជួយគាំទ្រ និងរៀបចំឧបាយកលថ្មីៗដើម្បីបំផ្លាញជាតិខ្មែរ ក៏គ្មានប្រសិទ្ធភាព និងយកឈ្នះលើភាពត្រឹមត្រូវរបស់កម្ពុជាបានឡើយ។ សូម្បីតែមហាអំណាចដែលក្រុមអ្នកនយោបាយខ្មែររត់ចោលស្រុកពឹងពាក់ ជឿជាក់លើក៏គ្មានលទ្ធភាពរកសំឡេងគាំទ្រដូចកម្ពុជាឡើយ។ ជ័យជម្នះរបស់កម្ពុជាលើឆាកអន្តរជាតិក៏បានបង្ហាញពីភាពបរាជ័យរបស់ក្រុមប្រឆាំងដែលព្យាយាមមួលបង្កាច់ បង្ខូចកម្ពុជារបស់ក្រុមប្រឆាំង។ នេះគឺដោយសារតែកម្ពុជាមាននយោបាយការទូតច្បាស់លាស់ ត្រឹមត្រូវ និងគិតពីផល ប្រយោជន៍ជាតិ ប្រជាជន និងពិភពលោកជាធំជាជាងចូលលេងក្នុងជម្លោះរៀបចំ ដោយក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេសរបស់ពួកគេ។ ពិភពលោកផ្តល់តម្លៃលើភាពត្រឹមត្រូវ និងភាពស្មោះត្រង់ មិនមែនការបំភ្លៃ បំផ្លើស បំភ័ន្ត បំប៉ោង បង្ខូច និងបំផ្លាញដែលក្រុមអ្នកនយោបាយរត់ចោលស្រុកនិងចៅហ្វាយនាយខ្លួនប្រឹងធ្វើនោះទេ។ សំឡេងនៃការគោរពច្បាប់ ការការពារជាតិ ការពារសន្តិភាព និងការ គោរពលើអធិបតេយ្យភាពជាតិកម្ពុជាឮជាងសំឡេងបំផ្លាញជាតិរបស់ក្រុមប្រឆាំង។

តាមពិត ទេវតា ពិតជាបានជួយកម្ពុជា និងប្រជាជនខ្មែរទប់ទល់នឹងក្រុមសភាវៈអាក្រក់ ដែលចង់ឱ្យមានការផ្លាស់ប្តូរអំណាចតាមបែបមិនប្រជាធិបតេយ្យ តាមរយៈការអនុវត្តផែនការបដិវត្តន៍ពណ៌រៀបចំនិងគាំទ្រដោយចៅហ្វាយនាយរបស់ខ្លួន។ ទេវតាក៏បានបរាមុខក្រុមជនក្បត់ជាតិ បំផ្លាញជាតិធ្វើឱ្យពួកគេរលំរលាយ រត់ខ្ចាត់ខ្ចាយ ខ្លះជាប់គុក និងខ្លះទៀតរត់ចោលស្រុក ទៅជ្រកកោនលើដីចៅ ហ្វាយនាយរបស់ខ្លួន និងបន្តសកម្មភាពបំផ្លាញខ្មែរបន្តទៀតពីក្រៅប្រទេស។ ទេវតាដាក់ទោសទណ្ឌតែទៅលើជនបំផ្លាញជាតិដូចក្រុម សម រង្ស៊ី និងកឹម សុខា តែប៉ុណ្ណោះ និងតាមជួយថែរក្សាអភិបាលអ្នកការពារសន្តិភាព និងការពារការអភិវឌ្ឍ ហើយទេវតានឹងបន្តជួយការពារកម្ពុជាជារៀងរាល់រហូត ចំណែកមារសត្រូវគ្រប់ប្រភេទនឹងរលំរលាយ ឬក្លាយមកជាមិត្តកម្ពុជាទាំងអស់៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨

Facebook Comments