ដកស្រង់​​អត្ថន័យសំខាន់ៗ​​​នៃកិច្ចសន្ទនា ត្រាំ-គីម លើកទី​១​រយៈពេល​​៤១នាទី! 

0
82

(សិង្ហបុរី)៖ នៅក្នុងឱកាសនៃជំនួប​ដំបូងមួយទល់នឹងមួយ​ ​ជាមួយមេដឹកនាំ​កូរ៉េខាងជើង ដែលទើបត្រូវ​បានបញ្ចប់ទៅ​ក្រោយរយៈពេលជាង ៤០នាទី លោក ដូណាល់ ត្រាំ បានលើកឡើង​ប្រាប់ក្រុមអ្នក​សារព័ត៌មាន​ថា តាមរយៈការធ្វើការងារ​ជាមួយគ្នា ​លោក​ជឿជាក់ថា ប្រទេស​ទាំង​ពីរ​​នឹង​អាច​ដោះ​ស្រាយ​​បញ្ហា​ដ៏​ធំ​នៅ​ឧប​ទ្វីប​​កូរ៉េ​​បាន​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន CGTN នៅព្រឹក​ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

សម្រាប់កិច្ចពិភាក្សា​បន្ទាប់ទៀត លោក ដូណាល់ ត្រាំ នឹងលោក គីម ជុនអ៊ុន កំពុងស្ថិតក្នុងកិច្ចពិភាក្សា​ទ្វេភាគី ដែលជាផ្នែកនៃកិច្ចប្រជុំ​កំពូល​អាមេរិក-កូរ៉េខាងជើង នាព្រឹកថ្ងៃអង្គារនេះ ហើយវានឹងប្រព្រឹត្តទៅ​រហូតដល់ម៉ោង ១១៖៣០នាទីព្រឹក (ម៉ោងនៅ​ក្នុងតំបន់) មុននឹង​ឈានដល់​ការទទួលទានអាហារ​ថ្ងៃត្រង់ជុំគ្នា។ ម៉្យាងវិញទៀត ដោយពុំដូចជំនួប​ទីមួយឡើយ ជំនួបទ្វេភាគី ក៏មានការចូលរួម​​ពី​ទីប្រឹក្សា និង​​មន្រ្តីជាន់ខ្ពស់នៃភាគី​ទាំងសងខាង​ផងដែរ។

សម្រាប់កិច្ចពិភាក្សាលើកទី ១ នៅចំពោះមុខលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «យើងនឹង​មានកិច្ចពិភាក្សា​ដ៏អស្ចារ្យ ហើយខ្ញុំគិតថានឹងមានភាពជោគជ័យ​ដ៏ធំសម្បើម។ មួយវិញ​ទៀត វាជាគឺជាកិត្តិយស​របស់ខ្ញុំ ហើយយើង​នឹងមានទំនងទំនង​ដ៏អស្ចារ្យ​ ដោយខ្ញុំ​គ្មានការសង្ស័យ​ឡើយ»

ទន្ទឹមគ្នា​លោក គីម ក៏បានទទួល​ស្គាល់ដែរថា វាមិនមែនជារឿងងាយស្រួល​ឡើយក្នុងការបោះជំហាន​ទៅកិច្ចប្រជុំនេះ។ «វាមាន​ឧបសគ្គ និងការអនុវត្តន៍មិន​ត្រឹមត្រូវជាច្រើន​បានបិទភ្នែក និងត្រចៀក​របស់យើងកន្លងមក ប៉ុន្តែយើងបាន​ជម្នះគ្រប់យ៉ាងដើម្បីដើរមកដល់​ថ្ងៃនេះ»។ នេះបើ​តាមសម្តីចេញពីមាត់លោក​ គីម ជុងអ៊ុន តបទៅលោក ត្រាំ វិញភ្លាមៗ។

ដោយឡែករដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើក​ឡើងនាឱកាស​នោះដែរថា «ការដកអាវុធ​នុយក្លេអ៊ែរ ដែលនឹងត្រូវធ្វើ​ការត្រួតពិនិត្យ​យ៉ាងពេញ​លេញ និងមិនអាច​ប្រែក្រឡាស​បានចេញពីឧបទ្វីបកូរ៉េ​​នោះ គឺជាលទ្ធផល​​តែមួយគត់ ដែល​សហរដ្ឋអាមេរិក​នឹង​ទទួលយក»

ជាមួយគ្នានេះ ក៏មានការបង្ហើប​ឲ្យដឹងផងដែរ នៅមុនពេលអង្គុយចុះ​ជាមួយគ្នា​ ក្នុងជំនួបមួយ​ទល់នឹងមួយ លោក គីម ជុងអ៊ុន ជាមួយ​ស្នាម​ញញឹមដ៏​ស្រស់ស្រាយ ទំនងជាបានពោលពាក្យ​ទៅកាន់លោក ត្រាំ តាមរយៈអ្នក​បកប្រែថា «ខ្ញុំយល់ថា ពិភពលោកទាំងមូល​កំពុងតែទស្សនា​​​ ព្រឹត្តិការណ៍​ដ៏សំខាន់នា​ពេលនេះ ហើយមនុស្ស​ជាច្រើននៅលើ​ពិភពលោក​នឹងគិតថា នេះគឺប្រៀបដូចជាឈុតឆាក​បែប​ស្រមើ​ស្រមៃ​មួយ នៅក្នុងខ្សែភាពយន្ត​វិទ្យាសាស្រ្តបែបប្រឌិត​អ៊ីចឹង»

ប្រាកដណាស់នេះ​ គឺជាព្រឹត្តិការណ៍​ដ៏អស្ចារ្យ និងនឹកស្មាន​មិនដល់មួយ​នៅក្នុង​ប្រវត្តិសាស្រ្ត​សកលលោក ដោយសារតែ​តាំងពីដើមមក ពុំមានការ​បើក​​កិច្ចប្រជុំកំពូល​រវាង​ប្រមុខដឹកនាំ​កូរ៉េខាងជើង និងប្រធានាធិបតី​អាមេរិក ដែល​កំពុង​កាន់​​​អំណាចដូចគ្នា​នោះឡើយ ហើយជំនួបនា​ថ្ងៃអង្គារនេះ ស្ទើរតែត្រូវបានលុបចោល​វិញទៅទៀត ទម្រាំតែលេច​ចេញជារូបរាងឡើង​នៅ​​ពេល​នេះ។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំនេះថ្ងៃអង្គារនេះ ក៏មានការរំពឹងដែរថា លោក ត្រាំ និងលោក គីម នឹងផ្ដោតសំខាន់​លើ​​ការរំសាយ​អាវុធនុយក្លេអ៊ែ ​របស់​កូរ៉េ​ខាង​ជើង​​ជា​ថ្នូរ​​នឹងការទទួល​បាន សម្បទាន​សេដ្ឋកិច្ច ក៏ដូចជាការធានា​សន្តិសុខ​​ពី​សហរដ្ឋអាមេរិក រួមទាំង​សន្តិ​ភាព​​​ជា​អចិន្ត្រៃយ៍​នៅ​លើ​​ឧប​ទ្វីប​កូរ៉េ និងបញ្ហា​មួយចំនួន​ទៀតដែលទាក់ទិន​នឹងទំនាក់ទំនង​ទ្វេភាគី៕

ប្រភព : Freshnews

Facebook Comments