លិខិតមិត្តអ្នកអាន៖ ថ្ងៃអង្សារបស់ សម រង្ស៊ី

0
209

(ភ្នំពេញ)៖ ការអំពាវនាវរបស់ សម រង្ស៉ី មិនឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនគឺជាការអំពាវនាវដែលប្រឆាំងនឹងស្តេចផែនដី និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ ដើម្បីការពារព្រះចេស្តាអង្គព្រះមហាក្សត្រ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គវង្ឍ វឌ្ឍានា បានធ្វើអធិបញ្ជាឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានតាមច្បាប់ចំពោះទង្វើទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថចំពោះអង្គព្រះមហាក្សត្រ តាំងពីថ្ងៃទី៨ ខែមិថុនា មកម្ល៉េះ។

ចំណាត់ការផ្លូវច្បាប់នេះនឹងធ្វើឱ្យបញ្ជីបទល្មើសដែល ទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តវែងរួចទៅហើយនោះ និងកាន់តែវែងថែមទៀតដែលនេះបង្ហាញច្បាស់ថា សម រង្ស៊ី ដែលមានឈាមជ័រជាជនក្បត់ជាតិ មិនបានរាងចាលនឹងការពិន័យផ្នែកច្បាប់ឡើយ ហើយក៏បញ្ជាក់ឱ្យពលរដ្ឋខ្មែរដឹងថា ជនរូបនេះមិនដែលគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិខ្មែរជាធំឡើយ ទើបបានជាបំពានច្បាប់ម្តងហើយម្តងទៀតយ៉ាងដូច្នេះ។

វិធានការច្បាប់ដែលនឹងអនុវត្តប្រឆាំង សម រង្ស៊ី លើកនេះ គឺជាវិធានការដ៏ម៉ឺងម៉ាត់បន្ថែមទៀតចំពោះជនដែលហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងជាគំរូដល់អ្នកផ្សេងទៀត ប្រសិនបើនៅតែថ្លើមពាស់មេឃ ហ៊ានបំពានរដ្ឋធម្មនុញ បំពានព្រះមហាក្សត្រ និងបំពានច្បាប់ នោះនឹងត្រូវប្រឈមមុខនឹងច្បាប់មិនថាឡើយអ្នកនោះនៅក្នុងស្រុក ឬក្រៅស្រុកឡើយ។ កាលដែល សម រង្ស៊ី ចេញមុខដោយចំហរប្រឆាំងនឹងព្រះមហាក្សត្រខ្មែរក៏ព្រោះតែជននេះបានជាប់ឈាមជ័រប្រឆាំងនឹងរបបរាជានិយម ប្រឆាំងព្រះមហាក្សត្រតាំងពីដើមមកម្ល៉េះ ឡឺតពីឪមកដល់កូន។ សម រង្ស៊ីដែលត្រូវបានគេស្គាល់ថាជាអ្នកពូកែញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងប្រឆាំងនឹងជនបរទេសត្រូវបានគេមើលឃើញថា បាននិងកំពុងដើរតាមដានជើងក្បត់ជាតិរបស់ឪពុកខ្លួនឈ្មោះ សម សារី។ សម រង្ស៊ី បាននិងកំពុងតែធ្វើទំនាក់ទំនងនឹងក្រុមចលនាអភិរក្សនិយមនិងក្រុមបក្សប្រឆាំងងុបងុលមួយចំនួន ក្នុងនោះរួមមានទាំងមូល និធិកេរតំណែលរបស់អាមេរិកផងដែរ។

នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ សម សារី ឪពុករបស់ សម រង្ស៊ី បានចូលរួមក្នុងក្រុមអ្នកនយោបាយដែលប្រឆាំងនឹងគោលជំហរអព្យាក្រឹត្យភាពរបស់កម្ពុជា ដែលបានសម្រេចដោយរដ្ឋសភា អនុលោមតាមកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ហើយសម សារី ត្រូវបានគេដឹងថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ តាមឯកសារ សម សារី បានទំនាក់ទំនងជាប្រចាំជាមួយទូតអាមេរិកនៅភ្នំពេញ និងទីភ្នាក់ងារសម្ងាត់សេអ៊ីអា។ ជាមួយការគាំទ្រពីសេអ៊ីអា និងស្ថានទូតអាមេរិកនៅវៀតណាមខាងត្បូង សម សារី បានចូលរួមក្នុងផែនការធ្វើ គតប្រមុខរដ្ឋកម្ពុជា សម្តេចឪ នរោត្តម សីហនុ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ១៩៥៩។ ឥឡូវនេះ សម រង្ស៊ី ជាកូនក៏បានដើរតាមគន្លងឪរបស់ខ្លួន ប្រឆាំងព្រះមហាក្សត្រ និងថែមទាំងប្រមាថព្រះចេស្តាព្រះមហាក្សត្រថែមទៀតដោយលើកឡើងថាព្រះរាជសារព្រះមហាក្សត្រអំពាវនាវ ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតថាជាព្រះរាជសារក្លែងក្លាយ ធ្វើឡើងក្រោមការគំរាមកំហែង និង អំពាវនាវប្រជាពលរដ្ឋខ្មែរកុំឱ្យយកចិត្តទុកដាក់លើព្រះរាជសារនេះ។
នេះគឺជាការបំពារបំពាន និងប្រមាថលើអង្គព្រះមហាក្សត្រមិនអាចប្រកែកបាន និងមិនតែប៉ុណ្ណោះ សម រង្ស៊ី ថែមទាំងបានញុះញង់អ្នកគាំទ្រខ្លួនដែលងប់ងុលខ្លាំង មិនឱ្យគោរពប្រតិបត្តិព្រះមហាក្សត្រជាទៅគោរព សក្ការៈ ថែមទាំងជនមួយចំនួនប្រមាថព្រះមហាក្សត្រតាមថ្នាក់ដឹកនាំរបស់ខ្លួនផង។

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។
ការអំពាវនាវរបស់ព្រះមហាក្សត្រឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតគឺដើម្បីធានាការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ កាលដែល សម រង្ស៊ីអំពាវនាវប្រជាពលរដ្ឋកុំឱ្យស្តាប់ព្រះមហាក្សត្រ និងធ្វើពហិការមិនទៅបោះឆ្នោតគឺមិនត្រឹម តែប្រមាថព្រះចេស្តាព្រះមហាក្សត្រទេ ប៉ុន្តែថែមទាំងជាន់ឈ្លីសិទ្ធិអំណាច និងលទ្ធិប្រជាធិបតេយ្យថែមទៀផង។ ដើម្បីបំពេញមហិច្ឆតា និងក្តីស្រម៉ៃនៃការបំផ្លាញកម្ពុជារបស់ខ្លួនតាមរយៈ ការទាញយកផលពីអ្នកមិនទៅបោះឆ្នោត សម រង្ស៊ី និងគូកន បានចេញមុខប្រឆាំងនឹងព្រះមហាក្សត្រដោយចំហរ និងប្រមាថព្រះមហាក្សត្រដែលជាទីគោរពសក្ការៈរបស់ប្រជានុរាស្ត្រ ខ្មែរ និងក៏ជាអ្នកដែលធ្លាប់បានឡាយព្រះហស្ថលេខាលើកលែងទោសឱ្យខ្លួនជាច្រើនលើករួច មកហើយតាមសំណើរបស់នាយករដ្ឋមន្ត្រីដើម្បីឱ្យខ្លួនបានវិលចូលស្រុកវិញ។ ប៉ុន្តែទង្វើពេល នេះបានបង្ហាញថា «សម រង្ស៊ីគឺជាសត្វក្រពើ ហើយទឹកភ្នែកដែលសម រង្ស៊ី ស្រក់ដើម្បីសុំក្តីអា ណិតពីបរទេសនិងពលរដ្ឋខ្មែរគឺជាទឹកភ្នែកក្រពើប៉ុណ្ណោះ»

រហូតមកទល់ពេលនេះ សម រង្ស៊ី នឹងមិនខ្លាចអ្វីទៀតឡើយព្រោះជាដំណើរចុងក្រោយនៃជីវិតរបស់ខ្លួន ហើយជីវិតនយោបាយរបស់ខ្លួន ដែលខិតខំព្យាយាមស្រោចស្រង់ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ក្រោយពីដើរខុសយុទ្ធសាស្ត្រ ភ័យស្លន់ស្លោរលាលែងពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ ក៏បានបញ្ចប់ទាំងស្រុងដែរគឺគណបក្សក៏រលាយ ហើយខ្លួនក៏ មិនអាចស្រោចស្រង់បាន និងឈានដល់ចូលទីបញ្ចប់រួចស្រេចទៅហើយ។ ក្នុងមួយជីវិតនេះសម រង្ស៊ី បានបរាជ័យក្នុងការធ្វើជាអ្នកនយោបាយប្រឆាំង តាមបែបប្រជាធិបតេយ្យ និងបានប្រែក្លាយខ្លួនជាមេចលនាឧទ្ទាមខុសច្បាប់ប្រឆាំងនឹងស្ថាប័នស្របច្បាប់របស់កម្ពុជា ដែលដូចគ្នានឹងសម សារី ឪពុករបស់ខ្លួនដែរ។ ដូច្នេះ សម រង្ស៊ី នឹងមិនញញើតក្នុងការប្រព្រឹត្តបំពានច្បាប់ បំពានព្រះមហាក្សត្រ បំពានប្រជាជនកម្ពុជាឡើយ។ ដូចទៅនឹងឪពុករបស់ខ្លួនក៏ដូចជា អ្នកគាំទ្រអាមេរិករបស់គាត់ដែរ សម រង្ស៊ី ចង់នាំមកនូវសង្គ្រាមស៊ីវិលមកកម្ពុជាតាមរយៈការធ្វើបដិវត្តន៍ពណ៌ដែលអាចជួយឱ្យគាត់ និងគូកនឡើងដឹកនាំប្រទេសបានតាមរយៈមធ្យោបាយ មិនប្រជាធិបតេយ្យ បន្ទាប់ពីបរជ័យចាស់វស្សាក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

ដូចជា សម សារី ឪពុករបស់ខ្លួនដែរ សម រង្ស៊ី គឺជាជនដ៏មានគ្រោះថ្នាក់បំផុតសម្រាប់ សុខសន្តិភាព និងការអភិវឌ្ឍដែលប្រទេសកម្ពុជាមាន។ ដូចជាឪពុករបស់ខ្លួនដែរ សម រង្ស៊ី នៅពេលបច្ចុប្បន្នគ្មានតម្លៃអ្វីទាំងអស់ ប៉ុន្តែគ្រាន់ សម រង្ស៊ី តែជាជនឧទ្ទាមម្នាក់ និងជាបុគ្គលដែលនៅក្រៅច្បាប់ម្នាក់ប៉ុណ្ណោះ។ តើសហគមន៍អន្តរជាតិជាពិសេស ក្រុមអ្នកនយោបាយ
បស្ទឹមប្រទេសនឹងនៅបន្តការគាំទ្រចំពោះជនក្រៅច្បាប់ សម រង្ស៊ី នេះទៀតទេ? ឧទ្ទាមរូបនេះ គ្មានតម្លៃអ្វីសម្រាប់កម្ពុជាឡើយ ប៉ុន្តែគឺមានតម្លៃសម្រាប់ច្បាប់ដែលកំពុងតែតាមរកមុខ និង មានតម្លៃសម្រាប់ខ្នោះនិងគុកដែលជាអ្នកអនុវត្តនូវទោសទណ្ឌដែលជនក្រៅច្បាប់រូបនេះបាន ប្រព្រឹត្តមកលើជាតិ និងប្រជាជនកម្ពុជា និងព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ របស់ប្រជាពលរដ្ឋខ្មែរ។ នៅពេលនេះ ព្រះអាទិត្យក៏លិចលែងរះ ហើយថ្ងៃអង្សារបស់សម រង្ស៊ី ក៏បានមកដល់ហើយ។ វាសនា សម រង្ស៊ី ក៏មិនខុសពីខ្មោចឪដែរ គឺបើសិនជាមិនក្លាហានវិលត្រឡប់មកទទួលទោសក្បត់ជាតិរបស់ខ្លួននៅលើស្រុកកំណើតទេ នោះមានតែចោលឆ្អឹងនៅលើទឹកដី បរទេសចៅហ្វាយនាយរបស់ខ្លួនប៉ុណ្ណោះ៕

ដោយ៖ ចៅ ចាក់ស្មុក
ស្រុកព្រះស្តេច, ខេត្តព្រៃវែង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨

Facebook Comments
Loading...