លិខិតមិត្តអ្នកអាន៖ កិត្យានុភាពជាតិខ្មែរឈររឹងមាំយ៉ាងត្រដែតនៅលើឆាកអន្តរជាតិ

0
117

(ភ្នំពេញ)៖ កេរ្តិ៍ឈ្មោះ និងកិត្តិយសកម្ពុជា បានរីកស្គុះស្គាយនៅលើឆាកអន្តរជាតិ និងមានការទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់ និងពិភពលោកទាំងផ្នែកនយោបាយ ការទូត មនុស្សធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ទោះបីជាក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ដឹកនាំដោយក្រុម សម រង្ស៊ី និង កឹម សុខា បានដើរបំផ្លាញកម្ពុជាតាមគ្រប់រូបភាពនៅក្រៅប្រទេស រហូតដល់បានជួលបរទេសក្នុងតម្លៃ ២៥ម៉ឺនដុល្លារឱ្យជួយបំផ្លិចបំផ្លាញខ្មែរក៏ដោយ។

ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់បានបរាជ័យផ្ទួនៗយ៉ាងអាម៉ាសលើយុទ្ធសាស្ត្រនយោបាយខុសឆ្គងរបស់ពួកគេ ក្រោយពីសហគមន៍អន្តរជាតិ មិនបានទទួលយកនូវការញុះញង់ និងការមួលបង្កាច់យ៉ាងអយុត្តិធម៌មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលក្រុមប្រឆាំងបានបំភ្លៃ ហើយសហគមន៍អន្តរជាតិ បានបន្តគាំទ្របុព្វហេតុចម្បងរបស់កម្ពុជាក្នុងការថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងខ្ជាប់ខ្ជួន។

ព្រឹត្តិការណ៍ថ្មីៗបីចុងក្រោយ នៅលើឆាកអន្តរជាតិទាក់ទងនឹងកម្ពុជា គឺកម្ពុជាត្រូវបានជ្រើសតាំងដោយអង្គការសហប្រជាជាតិធ្វើជាអនុប្រធានមហាសន្និបាត អ.ស.ប.លើកទី៧៣ ដំណើរទស្សនកិច្ចពីរផ្សេងគ្នារបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុន និងសិង្ហបុរី ដោយទទួលបាននូវស្វាគមន៍យ៉ាងកក់ក្តៅពីមេដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងនោះមាននាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ, នាយករដ្ឋមន្ត្រី លី សៀងឡុង និងអតីតឥស្សរៈជននយោបាយជាន់ខ្ពស់ជាច្រើនរូប បានបង្ហាញយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋនៃរដ្ឋឯករាជ្យ អធិបតេយ្យមួយ។
សហគមន៍អន្តរជាតិមិនបានធ្វើការងារជាមួយបក្សក្រៅច្បាប់ ឬឧទ្ទាមខុស ច្បាប់ឡើយ។ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើគឺដើម្បីផល ប្រយោជន៍ប្រជាជន កិត្តិយសជាតិ និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទាំងមូល។ ការជ្រើសតាំងកម្ពុជាឱ្យកាន់តំណែងដ៏មានកិត្តិយសនៅ អ.ស.ប និងការស្វាគមន៍ដ៏កក់ក្តៅ និងប្រកបដោយមោទនភាពរបស់ថ្នាក់ដឹកនាំជប៉ុន និងសិង្ហបុរី ចំពោះទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា គឺធ្វើឡើងដោយចំហរ និងប្រកបដោយ កិត្តិយសជាតិ។ នេះបញ្ជាក់ថាសហគមន៍អន្តរជាតិមានរៀបរបបធ្វើការច្បាស់ លាស់ និងមិនមែនចេះតែជឿផ្តាសផ្តាសតាមការមួលបង្កាច់ ញុះញង់ បំផ្លៃបំផ្លើស របស់ក្រុមអ្នកនយោបាយបំផ្លាញជាតិមួយក្តាប់តូចនោះទេ។

ចំណែកក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងមេចលនាឧទ្ទាមខុសច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងក្រុមកូនស្រីជនជាប់ចោទ កឹម សុខា គ្មានការស្វាគមន៍ និងគ្មានពិធីផ្លូវការណាមួយឡើយ ហើយក៏គ្មានមន្ត្រីរដ្ឋាភិបាលនៃប្រទេសណាមួយធ្វើការជាមួយក្រុមនេះដែរ។ ជនបរទេសដែលធ្វើការជាមួយក្រុមក្បត់ជាតិទាំងនេះ គឺភាគច្រើនជាសមាជិកសភា ឬព្រឹទ្ធសភាបក្សប្រឆាំង ឬសកម្មជនបក្សប្រឆាំងនៅតាមប្រទេសខ្លះដែលជាសមាជិកក្នុងសមាគមបក្សប្រឆាំងគ្នាឯងតែប៉ុណ្ណោះ។ ប៉ុន្តែជារូបភាពសតិអារម្មណ៍ ក្រុមអ្នកនយោបាយប្រឆាំងបានព្យាយាមបំប៉ោង បំភ្លៃ បំផ្លើស បំភ័ន្តសាធារណៈមតិថា បរទេសបានគាំទ្រខ្លួន និងបានគំរាមថាបរទេសនឹងកាត់ជំនួយ បញ្ឈប់ការវិនិយោគ និងឈប់ទិញទំនិញពីកម្ពុជា។ បើសិនគ្មានការញុះញង់យ៉ាងដូច្នេះពីក្រុមប្រឆាំង តើនឹងក្រុមអ្នកនយោបាយបក្សប្រឆាំងប្រទេសមួយចំនួន ហ៊ានគំរាមកំហែងប្រឆាំងកម្ពុជាទេ? ក្រុមប្រឆាំងពិតជាសប្បាយរីករាយ និងមានមោទនភាពបំផុតចំពោះអំពើក្បត់ជាតិរបស់ខ្លួន ការឱនក្បាលបម្រើបរទេស ឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្លួន។ ក្រុមប្រឆាំងក៏កាន់តែរីករាយ ខ្លាំងនៅពេលដែលឃើញជនបរទេសមាក់ងាយលើប្រទេសកម្ពុជា និងជាតិសាសន៍ខ្មែរខ្លួនឯង ដែលនេះគឺជានិស្ស័យរបស់ក្រុមជនវង្វេងជាតិ។

ប៉ុន្តែក្តីស្រម៉ៃកណ្តាលថ្ងៃត្រង់របស់ក្រុមទណ្ឌិត សម រង្ស៊ី និងក្រុម កឹម សុខា ដឹកនាំដោយកូនស្រីរបស់ខ្លួន មិនបានក្លាយជាការពិត ហើយក៏នឹងមិនអាចក្លាយជាការពិតជារៀងរហូត ព្រោះពួកគេបានចាញ់ក្នុងយុទ្ធសាស្ត្ររបស់ខ្លួន វង្វេងយុទ្ធវិធី និងបាត់បង់ឱកាស ហើយកំពុងជំពាក់ជំពិននឹងច្បាប់ដោយសារតែក្រុម នេះប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិត និងបម្រើផលប្រយោជន៍បរទេស ព្រមទាំង រៀបចំនិងអនុវត្តផែនការបដិវត្តន៍ពណ៌ ប៉ុនប៉ងឡើងកាន់កាប់អំណាចតាមបែប មិនប្រជាធិបតេយ្យ។ ឥឡូវនេះ សម រង្ស៊ី មេចលនាឧទ្ទាមក្បត់ជាតិក៏បាននិងកំពុងបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា ក៏ដូចជាបំផ្លាញសិទ្ធិអំណាចប្រជាពលរដ្ឋជ្រើសរើសថ្នាក់ដឹកនាំ របស់ខ្លួនតាមរយៈសន្លឹក ឆ្នោតដោយអំពាវនាវឱ្យពលរដ្ឋពហិការបោះឆ្នោត។ នេះគឺជាទង្វើខុសច្បាប់ និង ក្បត់ជាតិមិនអាចប្រកែកបាន។ សម រង្ស៊ី ក៏កំពុងតែចេញមុខប្រឆាំង នឹងព្រះមហាក្សត្រ និងប្រឆាំងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញផងដែរ ដោយព្យាយាមបំភ្លៃការពិត បំផ្លើសថាព្រះរាជសារព្រះមហាក្សត្រខ្មែរជាព្រះរាជាសារក្លែងក្លាយ ដើម្បីប្រឆាំងនឹងការអំពាវ នាវរបស់ព្រះមហាក្សត្រឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

ឥឡូវនេះ លទ្ធផលបានបង្ហាញឃើញយ៉ាងច្បាស់ក្រឡែត គឺក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់បានបាត់បង់ឥទ្ធិពល និងសំឡេងទាំងក្នុងប្រទេស និងក្រៅប្រទេសដោយសារ តែការភូតកុហក និងការបោក ប្រាស់ដែលពួកគេបានប្រព្រឹត្តមកលើប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ។ អ្វីដែលពួកគេរំពឹងថានឹងស្នើ ឱ្យអង្គការសហប្រជាជាតិ ព្យូរអាសនៈកម្ពុជាក៏ត្រូវបានបរាជ័យ ស្នើសុំជប៉ុនផ្តាច់ជំនួយពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតក៏បរាជ័យ ទៅសុំអន្តរាគមន៍ពីឥណ្ឌូនេស៊ី អតីតសហប្រធានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសក៏បរាជ័យ ខំកៀងគរកម្លាំងប្រឆាំងនឹងវត្តមានសម្តេចតេជោ ហ៊ុន សែន នៅអូស្ត្រាលីក៏បរាជ័យ ព្រោះអ្នកប្រឆាំងមានចំនួនតិចហៅមិនឮ បើប្រៀបធៀបនឹងអ្នកចូលរួមគាំទ្រ។ ដូច្នេះនៅពេលនេះគឺមានតែភាពអាម៉ាស់តែប៉ុណ្ណោះ ដែលបន្សល់ទុកឱ្យក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់នៅពេលនេះ និងឈរមើលពីចម្ងាយ នូវដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ ទោះជាក្រុមប្រឆាំងខិតខំបំផ្លាញកម្ពុជាយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចយកឈ្នះបានដែរ ហើយកម្ពុជាបន្ត ទទួលបាននូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិកាន់តែខ្លាំងឡើង ថែមទៀតដោយសារតែអំពើល្អ និងការគោរពច្បាប់របស់ខ្លួន។ ទោះក្នុងតម្លៃណាក៏ដោយកម្ពុជាការពារឱ្យបានដាច់ខាត នូវសុខសន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕

ដោយ៖ ចៅ ចាក់ស្មុក
អន្លង់វែង, ឧត្តរមានជ័យ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨

Facebook Comments