អ្នកវិភាគ៖ អ្នកដែលឃោសនាញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ជាការប្រឆាំងនឹងព្រះមហាក្សត្រ

0
62

(ភ្នំពេញ)៖ ស្របពេលដែលចរន្តនៃការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី មិនឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោត ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារមួយ អំពាវនាវដល់ជនរួមជាតិទាំងអស់ ដែលមានសិទ្ធិបោះឆ្នោតអញ្ជើញ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសមេដឹកនាំប្រទេសជាតិដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កាន។ ផ្ទុយពីអ្វីដែលក្រុមអ្នកនយោបាយប្រឆាំងលាបពណ៌ ថា ការបោះឆ្នោតជាការបោះឆ្នោតក្លែងក្លាយ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលក្នុងព្រះរាជសារថា៖

«ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ សកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ស្រប តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូច្នេះ សូមកុំឱ្យមានការព្រួយបារម្ភអំពីការគាបសង្កត់ គំរាមកំហែងឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឡើយ»។
ព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ កាន់តែមានជំនឿទុកចិត្តទៅលើការបោះឆ្នោត និងមានការតាំងចិត្តខ្ពស់ទៅបោះឆ្នោតនាពេលខាងមុខ ដោយមិនបានខ្វល់នឹងការញុះញង់របស់ក្រុមប្រឆាំង ព្យាយាមបំបាត់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងការបំផ្លាញប្រជាធិបតេយ្យឡើយ។

ដំណើរការនីតិវិធីនៃការរៀបចំការបោះឆ្នោតបាននិងកំពុងអនុវត្តតាមផែនការសកម្មភាព និងកាលបរិច្ឆេទដែលបានកំណត់ និងស្របតាមនីតិវិធីច្បាប់ និងមានការគាំទ្រពេញពី ប្រទេសនានា។ ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាត្រូវបានគោរពបានយ៉ាងទៀងទាត់ និងបានកំពុងតែបោះជំហានទៅមុខយ៉ាងត្រឹមត្រូវបំផុត ទោះបីជាក្រុមប្រឆាំងព្យាយាមបំភ្លៃការពិតមួលបង្កាច់ស្ថានការណ៍ពិតនៅកម្ពុជា ថាលទ្ធិប្រជាធិបតេយ្យកម្ពុជាស្លាប់យ៉ាងណាក៏ដោយ។ ការពិតនៅតែជាការពិត! វប្បធម៌នៃការភូតកុហកដែ លក្រុមប្រឆាំងបាននិងកំពុងធ្វើ កំពុងតែបាត់បង់ឥទ្ធិពលកាន់តែខ្លាំង ហើយពួកគេនឹងជួបនូវបរាជ័យដ៏អាម៉ាស់បំផុតនាពេលខាងមុខនៅពេលដែល ប្រជាពលរដ្ឋភាគច្រើនលើសលប់មិនស្តាប់និងមិនជឿតាមការញុះញង់ពួកគឡើយ។ ការអំពាវនាវមិនឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួន គឺជារឿងខុសនឹងច្បាប់ និងជាការជាន់ឈ្លីនូវសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ និងជាការកាប់បំផ្លាញដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាដែលកំពុងតែចាក់ឫសគល់យ៉ាងរឹងមាំ រយៈពេលជិត ៣០ឆ្នាំមកហើយនៅលើទឹកដីនៃកម្ពុជាដែល ធ្លាប់ហែលឆ្លងកាត់នូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងសោកនាដកម្មពីអំពើឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង់របស់របប ខ្មែរក្រហម។

តាមពិត គ្មានច្បាប់ណាមួយដែលកំណត់ថា ការចូលរួមបោះឆ្នោតពីអ្នកមានសិទ្ធិបោះឆ្នោតប៉ុន្មានភាគរយ ទើបការបោះឆ្នោតនោះ មានសុពលភាពឡើយ។ ទោះមានការចូលរួមតិច ក៏នៅតែមានសុពលភាពដែរ។ ទោះបីជាយ៉ាងនេះក៏ដោយក្នុងនាមជាពលរដ្ឋខ្មែរ ដែលគោរពខ្ជាប់ខ្ជួននូវប្រពៃណៃ និងការគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះមហាក្សត្រខ្មែរ ប្រជាពលរដ្ឋខ្មែរជាង ៨,៣ លាននាក់ដែលមានសិទ្ធិបោះឆ្នោត គួរតែអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន ដែលមានចែងនៅក្នុងច្បាប់ផង និងក៏ជាការលើកតម្កើងនូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំប្រទេសនិងលើកស្ទួយការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ប្រជាពលរដ្ឋនៅប្រទេសមួយចំនួន ខិតខំទាមទារតវ៉ាឱ្យមានការរៀបចំការបោះឆ្នោតឡើង ប៉ុន្តែកម្ពុជាពិតជាមានសំណាងដែលការដឹកនាំប្រទេស និងការផ្លាស់ប្តូរអំណាចធ្វើឡើង តាមបែបប្រជាធិបតេយ្យគឺតាមរយៈការបោះឆ្នោតយ៉ាងទៀតទាត់បំផុត។ ដូច្នេះគួរនាំគ្នាទៅបោះឆ្នោតដើម្បីខ្លួនយើង និងជាតិខ្មែរទាំងមូល! ចំណែកជនទាំងឡាយណា ដែលបន្តអំពាវនាវឱ្យប្រ ជាពលរដ្ឋកុំទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខគឺជាចរន្តដើរបញ្ច្រាស់លទ្ធិប្រជាធិបតេយ្យ និងជាការប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ ហើយក៏ជាការជាន់ឈ្លីសិទ្ធិបោះឆ្នោតរបស់អ្នកមានសិទ្ធិបោះឆ្នោត ផងដែរដែលចាំបាច់ពួកគេត្រូវតែប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់៕

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៨

Facebook Comments