ស្ត្រីថៅកែជន​ជាតិចិន​ដ៏ឃោឃៅម្នាក់ ​ធ្វើបាប និងបង្អត់បាយ ក្មេងស្រីជា​កូនឈ្នួល​ជិត៤ឆ្នាំ

21079

ភ្នំពេញ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ប្រើ​អំពើ​ហឹ​ង្សា និង​បង្អត់បាយ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជា ស្រីនូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ អស់ររយៈពេល​៤​ឆ្នាំ​មកហើយ នៅ​កន្លែង​លក់​សម្លៀកបំពាក់ ផ្ទះ​លេខ​១៧​អា ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ស្ត្រីជន​ជាតិចិន​ខាងលើ ឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ​ភា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ នៅផ្ទះ​កើតហេតុ។ ចំណែកក្មេងស្រី​រងគ្រោះ​ឈ្មោះ ជា ស្រីនូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ មក​រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​។

មុនពេល​ឈានទៅដល់​ការចាប់ខ្លួន​ស្ត្រី​ម្នាក់​ខាងលើ​គឺ​ក្រោយពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ត្រូវបាន​ស្ត្រី​ខាងលើ​រករឿង​ទាំង​អ្នកជិតខាង ហើយ​ថែមទាំង​គំរាម​វាយ​ស្ត្រី​ម្នាក់ នៅក្បែរនោះ ដែល​ចេះ​ឈឺឆ្អាល​រឿង​គេ​។​បន្ទាប់ពី​មានការ​បំភ្លឺ​ពី​ក្មេងរងគ្រោះ សមត្ថកិច្ច​ហៅ​នាំខ្លួន​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ផ្អែកលើ​ភស្តុតាង ស្លាកស្នាម ជាំ របួស ពេញ​ខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ ចាត់ការ​បន្ត​តាម​នីតិវិធី​។​