ស្គាល់មុខស្គាល់មាត់ តែពិបាកស្គាល់ចិត្ត!

0
12

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនខ្លួន បុរសម្នាក់ ទៅតុលាការ ក្រោមការចោទប្រកាន់ពីបទ លួច មានស្ថានទម្ងន់ទោស (ដោយគាស់ទម្លុះទម្លាយ យកសម្ភារៈ ) និងរថយន្ត របស់ជនជាតិចិន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ។

តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ លាំង ជៀនកៃ ជាជនជាតិចិន ដោយមានអ្នកបកប្រែមកជាមួយ បានរៀបរាប់ថា ដំបូងឡើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ សុខ ជាវឌ្ឍនា (ជនសង្ស័យ) បានមកដាក់ពាក្យសុំចូលបម្រើការងារជាអ្នកបើកបរនិងបកប្រែភាសាចិន ឲ្យក្រុមហ៊ុនរបស់ខ្លួន តែដោយក្រុមហ៊ុនមិនទាន់បានរៀបចំត្រឹមត្រូវ ខ្លួនក៏ទទួលយកជនសង្ស័យឲ្យមកធ្វើជាអ្នកបើកបរសិន ដោយឲ្យជូនខ្លួនទៅមកផ្ទាល់និងចេញចូលផ្ទះដោយសេរី។ ក្រោយធ្វើការបាន០៤ថ្ងៃគឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យ បានឆ្លៀតពេលជូនខ្លួនទៅជួបភ្ញៀវ ក៏ត្រឡប់ទៅផ្ទះដែលខ្លួនស្នាក់នៅវិញ ធ្វើសកម្មភាពកាត់សោរផ្ទះ លួចយកកុំព្យូទ័រឡេបថប ០១គ្រឿង, អាយផេត ០១គ្រឿង, កាមេរ៉ា ០១គ្រឿង, ប៊ិចថ្លៃ ០១ដើម, ប្រាក់ដុល្លារ ១ពាន់ដុល្លារអាមេរិក, ប្រាក់ចិន ៣,០០០យន់ និងបើកយករថយន្តមួយគ្រឿងម៉ាក Toyota Siena គេចខ្លួនបាត់តែម្តង។

ក្រោយពីបានទទួលបណ្ដឹង កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវតាមរកមុខសញ្ញា រហូតកំណត់ដឹងថាជនសង្ស័យខាងលើ ស្ថិតនៅខេត្តសៀមរាប ទើប កម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងជំនាញ នៃកងរាជអាវុធហត្ថ ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចទីរួមខេត្តសៀមរាប នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ រួចបញ្ជូនមក ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការអនុវត្តតាមនីតិវិធី ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ សុខ ជាវឌ្ឍនា បានរៀបរាប់ពី ល្បិចលួចរថយន្តដ៏ជំនាញរបស់ខ្លួនថា រូបខ្លួនមានសមត្ថភាពអាចបើកឡាននិងបកប្រែភាសាចិនបានយ៉ាងស្ទាត់ ជំនាញ ដូច្នេះខ្លួនក៏ដើរដាក់ប្រវត្តរូបជាអក្សរចិន ដើម្បីសុំការងារធ្វើ នៅតាមក្រុមហ៊ុនចិន រហូតដល់ថ្ងៃទី១៦ ខែ០៣ ឆ្នាំ២០១៨ រូបខ្លួនក៏ត្រូវបានជនរងគ្រោះ ឈ្មោះ លាំង ជៀនកៃ ទទួលឲ្យធ្វើការជាអ្នកបើកបរ។ ក្រោយពេលធ្វើការបាន០៤ថ្ងៃ ឆ្លៀតឱកាសជនរងគ្រោះរវល់ជួបជាមួយភ្ញៀវ រូបខ្លួនបានលួចបើករថយន្តទៅកន្លែងជនរងគ្រោះស្នាក់នៅ និងគាស់ទ្វារផ្ទះ ចូលលួចយកសម្ភារៈផ្សេងៗ រួចហើយគេចខ្លួនដោយយកសម្ភារៈដែលលួចបាន ទៅលាក់ទុកនៅក្នុង ផ្ទះជួល ម្តុំច្បារអំពៅ ហើយបើក រថយន្តទៅផ្ញើទុកនៅចំណតក្នុងផ្សារស្ទឹងមានជ័យថ្មី។ បន្ទាប់មកក្នុងថ្ងៃដដែល ខ្លួនបានសរសេរប្រវត្តរូប ប្តូរឈ្មោះថ្មីថា ឈិន គ័ង់ហុយ ទៅដាក់ពាក្យធ្វើការជាមួយជនជាតិចិនផ្សេងទៀត នៅក្រោយស្ថានទូតចិន រហូតដល់ថ្ងៃទី២៥ ខែ០៣ ឆ្នាំ២០១៨ រូបខ្លួនក៏បានសម្ភាសន៍ការងារជាប់ជាអ្នកបកប្រែ ហើយថៅកែថ្មី បានឲ្យខ្លួនរកឡានជូនគាត់ទៅសៀមរាប ដើម្បីពិភាក្សាការងារពាណិជ្ជកម្ម ទើបខ្លួនបានមកយក រថយន្តដែលបានលួចពីថៅកែមុន បើកជូនថៅកែថ្មីទៅសៀមរាប ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នសម្ភារៈនិងរថយន្តដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យ បានប្រគល់ជូនម្ចាស់ដើមវិញ រីឯជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ #PhnomPenhGRK

FB_IMG_1522143532476

FB_IMG_1522143528269

LEAVE A REPLY

Please enter your comment!
Please enter your name here