អាជ្ញាធរជាតិអប្សរាសម្រេចបង្កើត គណៈកម្មការដឹកនាំនិងសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរក្នុងរមណីយដ្ឋានអង្គរ

0
8

ដើម្បីរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរក្នុងរមណីយដ្ឋានអង្គរ ឲ្យសក្តិសមនឹងតម្លៃរបស់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានសម្រេចបង្កើតគណៈកម្មការចម្រុះមួយដែលមានសមាសភាពពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។

គណៈកម្មការនេះបង្កើតឡើងតាមសេចក្តីសម្រេចលេខ ១១សសរ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។ តាមសេចក្តីសម្រេចនេះ គណៈកម្មការចម្រុះមានសភាពពីអាជ្ញាធរជាតិអប្សរាជាប្រធាន សមាសភាពពីរដ្ឋបាលខេត្តសៀមរាបជាអនុប្រធាន និងមានអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរជាសមាជិក។

នារសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមប្រធាននៃគណៈកម្មការនេះបានដឹកនាំកិច្ចប្រជុំជាលើកដំបូងជាមួយសមាជិកសមាជិកា ដើម្បីផ្លាស់ប្តូរយោបល់គ្នាស្តីពីការអនុវត្តសេចក្តីសម្រេចខាងលើឲ្យសម្រេចបានលទ្ធផលល្អប្រសើរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ សង្វារ បានរៀបរាប់ពីដើមហេតុដែលជំរុញឲ្យមានការបង្កើតគណៈកម្មការនេះឡើង។ ឯកឧត្តមបញ្ជាក់ថា បេសកកម្មដ៏សំខាន់បំផុតនៃគណៈកម្មការនេះគឺធ្វើយ៉ាងណារក្សាសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងន័យទាក់ទាញភ្ញៀវទេសចរមកកាន់អង្គរកាន់តែច្រើន ជាពិសេសនោះគឺ រក្សានូវភាពថ្លៃថ្នូររបស់រមណីយដ្ឋានអង្គរយើង។

ឯកឧត្តមបន្ថែមថា “អាជ្ញាធរជាតិអប្សរាមិនហាមឃាត់ទេការលក់ដូរក្នុងរមណីយដ្ឋានអង្គរ យើងមានតែជំរុញឲ្យអ្នកស្រុកអង្គរមានឱកាសបានលក់ដូរ ដើម្បីបង្កើនកម្រិតជីវភាពរបស់ពួកគាត់។ តែយើងក៏ត្រូវគិតគូរពីភាពថ្លៃថ្នូរបស់អង្គរ តាមរយៈការរៀបចំពួកគាត់ឲ្យលក់ដូរតាមទីតាំងសមរម្យ មានសណ្តាប់ធ្នាប់ មានសុចរិតភាពក្នុងអាជីវកម្មរបស់គាត់ជាមួយភ្ញៀវដែលមកទស្សនាអង្គរ”។

លោក សុខ ថុល នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ក្នុងនាមអនុប្រធាននៃគណៈកម្មការនេះ បានលើកឡើងថា សាលាខេត្តសៀមរាប រួមទាំងអាជ្ញាធរដែនដីគាំទ្រទាំងស្រុងនូវការបង្កើតគណៈកម្មការនេះឡើង។ លោកបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបក៏ដូចជាអាជ្ញាធរជាតិអប្សរាដែរ គឺផ្តោតលើសណ្តាប់ធ្នាប់របៀបរៀបរយ ធ្វើយ៉ាងណាឲ្យខេត្តសៀមរាបក៏ដូចជាតំបន់អង្គរសក្តិសមជាតំបន់បេតិកភណ្ឌ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។

ឆ្លងតាមការពិភាក្សាគ្នាក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងអស់បានបង្ហាញការគាំទ្រនិងសន្យាចូលរួមសកម្មភាពរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅរមណីយដ្ឋានអង្គរឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់៕





LEAVE A REPLY

Please enter your comment!
Please enter your name here