សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបង ទៅសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

0
17

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិ លេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។

Image may contain: 12 people, people smiling

ក្នុងពីធីថ្ងៃនេះ ក៏មានការចូលរួមពី លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ នៅកម្ពុជា និងសមាជិកនៃរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងរាប់ពាន់នាក់ផងដែរ។

កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ដែលបើកការដ្ឋានសាងសង់នេះគឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ(AC) កម្រាស់ ១៥សង់ទីម៉ែត្រ និងពង្រីកឲ្យកាន់តែធំជាងមុនមាន០៤គន្លង។ ក្រៅពីការស្តារ និងពង្រីកកំណាត់ផ្លូវនេះ ក៏មានការសាងសង់ផ្លូវវាងក្រុង០២ខ្សែផងដែរ ក្នុងនោះគឺមានផ្លូវវាង ក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ និងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ ដែលទាំងអស់ត្រូវចំណាយថវិកាប្រមាណ ១៩,៩៨៨លានយេនជប៉ុន ស្មើនឹង១៨៥លានដុល្លារ អាមេរិក។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុនដែលបានផ្តល់នូវហិរញ្ញប្បទានក្នុងការធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥នេះ រួមទាំងការជួយកសាង ស្ពាន ផ្លូវ នៅកន្លែងផ្សេងៗទៀតដល់ប្រទេសកម្ពុជា។

នៅក្នុងខែមីនានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតជប៉ុនបានអញ្ជើញចូលរួមក្នុងពិធី២សំខាន់ៗដែលកាលពីថ្ងៃទី ១៣មីនា ឆ្នាំ២០១៨ គឺបានសម្ពោធដាក់ឲ្យប្រើប្រាស់លើកំណាត់ផ្លូវជាតិលេខ១ នៅក្រុងតាខ្មៅ និងថ្ងៃនេះអញ្ជើញចូលរួមសម្ពោធបើកការដ្ឋានូវគំរោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ ផ្លូវជាតិលេខ៥ នៅខេត្តបាត់ដំបងនេះ។

Image may contain: 13 people, people smiling, people standing and text

សម្តេចតេជោ ហ៊ុន សែន បានរលឹកអំពីសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយនៅក្នុងពេលនោះខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺជាសមរភូមិក្តៅ ដែលពួកខ្មែរក្រហមបានតាំងទីលំនៅនៅទីនេះ ។ ពេលនោះតំបន់នេះ បានក្លាយទៅជាតំបន់គ្រោះថ្នាក់បំផុតដែលគ្មាននណាអាចចូលបាននោះទេ។ ប៉ុន្តែដោយសាតែការដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺបានធ្វើឲ្យក្រុមខ្មែរក្រហមព្រមចុះចូលធ្វើសមាហរណកម្មមករួមរស់ជាមួយរាជរដ្ឋាភិបាលដើម្បីបញ្ចប់សង្គ្រាម និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

ដោយសារតែសន្តិភាពនេះហើយ ទើបយើងអាចកសាងអភិវឌ្ឍន៍សមិទ្ធផលជាតិបានបន្តបន្ទាប់ដូចថ្ងៃនេះ ហើយបច្ចុប្បន្ននេះខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺពោពេញដោយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា ការកសាងនិងធ្វើឲ្យប្រសើរឡើងលើកំណាត់ផ្លូវជាតិលេខ៥នេះ គឺមិនមែនធ្វើតែ១កំណាត់នោះទេ គឺរាជរដ្ឋាភិបាលនឹងសាងសងជាបន្តបន្ទាប់ទៀត ដូចជាថ្ងៃនេះបើការសាងសង់កំណាត់ផ្លូវពីក្រុងបាត់ដំបងទៅសិរីសោភ័ណ បន្ទាប់មកនឹងសាងសង់ពីព្រែកក្តាមមកខេត្តពោធិសាត់ និងបន្ទាប់មកពីខេត្តបាត់ដំបងទៅដល់ព្រំដែនកម្ពុជា-ថៃទៀតផង។ ជាមួយគ្នានោះផងដែររដ្ឋាភិបាលនឹងមានគម្រោងធ្វើឲ្យប្រសើរឡើងនូវបណ្តាផ្លូវជាតិផ្សេងៗមួយចំនួនទៀតនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ខាតក្នុងការការពារ និងរក្សាសន្តិភាពដល់ប្រទេសកម្ពុជា មិនឲ្យនណាម្នាក់មកបំផ្លាញសន្តិភាពដែលយើងរកបានដោយកំរនោះឡើយ។ កម្ពុជានៅតែរក្សាជំហរគោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយការបោះឆ្នោតជាតិយើងនឹងប្រព្រឹត្តិធ្វើឡើងជាធម្មតា គឺនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះដោយគ្មានការកែប្រែឡើយ។

នៅក្នុងអំឡុងពេលនៃការសាងសង់កំណាត់ផ្លូវនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមឲ្យប្រជាពលរដ្ឋ មេត្តាយោគយល់ក្នុងការធ្វើដំណើរ ព្រោះអាចមានការំខានដោយគ្រឿងចក្រសាងសងផ្សេងៗ ជាមួយគ្នានោះសម្តេចតេជោក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសពីធិបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ សូមជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។មុននឹងអញ្ជើញវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតជប៉ុនបានអញ្ជើញបញ្ជារគ្រឿងចក្របើកការដ្ឋាសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចាប់ពីពេលនេះតទៅ៕

Image may contain: 8 people, wedding

Image may contain: 18 people, people smiling, people standing

LEAVE A REPLY

Please enter your comment!
Please enter your name here