ស្នងការ​ខេត្តកណ្តាល​ធ្វើ​សន្និសីទ​បង្ហាញមុខ​ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ផ្សេង​គ្នា​

13119

កណ្តាល ៖ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បានធ្វើសន្និសីទបង្ហាញមុខក្រុមជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មចំនួន២ករណីផ្សេងគ្នា ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ស្នងការរងនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោកឧត្តសេនីយ៍ទោ ស្នងការខេត្តបានឱ្យដឹងថាៈករណីទី១៖កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ សាកសពស្ត្រីម្នាក់ ត្រូវឃាតកកាប់ចិញ្ច្រាំជាច្រើនកាំបិតញាត់ចូលក្នុងធុងទឹកកក ទម្លាក់ចោលក្បែរគល់ស្ពានព្រែកព្រះគន្លង ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បន្ទាប់ពីទទួលព័ត៌មានករណីឃាតកម្មយ៉ាងឃោឃៅនិងបង្កការភ្ញាក់ផ្អើលបានកើតឡើងនៅស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាក់ស្តែងជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខនិងនគករបាលខេត្តកណ្តាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្នុងផ្សារទឹកថ្លា សង្កាត់ទឹកថ្លា នៅខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ សឿន សុខផេង ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតនៅឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវសហព័ន្ធរុស្សី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថាមូលហេតុដែលគេសម្លាប់ស្ត្រីរងគ្រោះខាងលើបណ្តាលមកពីរូបគេត្រូវការលុយព្រោះជនសង្ស័យលេងល្បែងចាញ់និងជំពាក់លុយគេច្រើន។ ហើយរូបគេ(ជនសង្ស័យ)និងស្ត្រីរងគ្រោះជាសង្សានិងគ្នា។ ជនសង្ស័យបានបន្តថាថ្ងៃកើតហេតុស្ត្រីរងគ្រោះបានមបន្ទប់ជួលរបស់ជនសង្ស័យជួលដើម្បីឱ្យជនល្មើសខាត់ស្បែកឱ្យ។ បន្ទាប់ខាត់ស្បែកហើយស្ត្រីរងគ្រោះបានចូលក្នុងបន្ទប់ទឹកដែលជនល្មើសរាយខ្សែភ្លើងបង្កប់ដើម្បីឆក់ជនរងគ្រោះ ពេលដែលនារីរងគ្រោះចូលបន្ទប់ទឹក ជនល្មើសបានដោតឌុយភ្លើងបណ្តាលឱ្យឆក់នារីរងគ្រោះរហូតដល់សន្លប់បន្ទាប់ជនសង្ស័យបានយកអង្រែបុកគ្រឿងវាយបន្ថែម ខ្លាចមិនស្លាប់ជនសង្ស័យបានយកកាំបិតចាក់ជាច្រើនកន្លែងទៀត។ ជនសង្ស័យបានបញ្ជាក់ថាខ្លួនចាញ់ល្បែងនិងបានយកម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាកហុងដា DREAM ឆ្នាំ២០១៨ យកទៅបញ្ចាំក្រោយពេលសម្លាប់នារីរងគ្រោះខាងលើជនសង្ស័យបានយកម៉ូតូជនរងគ្រោះម៉ាកZoomer X មួយគ្រឿងទៅលក់និងយកលុយទៅលោះម៉ូតូរបស់ខ្លួនមកវិញ។

ស្ត្រីរងគ្រោះមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ រស់នៅភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីទី២៖កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៥០នាទី នៅចំណុច លើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលមានករណីឃាតកម្មមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចពាក់ព័ន្ធ។

បន្ទាបពីទទួលព័ត៌មានភ្លាមក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានដាក់បទបញ្ជាដល់កម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវវែកមុខជនល្មើស ដើម្បីយកមផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨កម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីឃាតកម្ម។

លោកវរសេនីយ៍ទោ ស៊ឹម ឃាង អធិការស្រុកកោះធំបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក(ស្លាប់)។

ចំណែកជនសង្ស័យចំនួន ០៩នាក់រួមមានទី១-ឈ្មោះ គាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាជនដៃដល់(ឃាត់ខ្លួន), ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម(ឃាត់ខ្លួន), ទី៣-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន), ទី៤-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កាប់ជ្រូកលក់(ឃាត់ខ្លួន), ទី៥-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន), ទី៦-ឈ្មោះ សិលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល (គេចខ្លួន), ទី៧-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន), ទី៨-ឈ្មោះ ជ្រុយ វុទ្ធា(ហៅធា) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន) និងទី៩-ឈ្មោះ មាន លាងហ៊ី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន)។

វត្ថុតាងចាប់យកៈ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង, ដាវចំនួន ០២ដើម កាំបិតចំនួន ០២ដើម, ទូរស័ព្ទចល័តចំនួន ០៦គ្រឿង។

លោកអធិការស្រុកបន្តថាមុនពេលកើតហេតុជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្ដី ជាមួយក្រុមដែលមានរហ័សនាមថា KTS ដែលជាGroup របស់ពួកគេប្រើក្នុងFacebook របស់ជនសង្ស័យទាំងអស់ខាងលើ។ តាមចម្លើយសារភាពរបស់ជនដៃដល់ គាត សំណាង ហៅឡេង បានសារភាពថា ខ្លួនគឺពិតជាយកដាវកាប់ទៅលើជនរងគ្រោះ ចេក ភាព ប្រាកដមែន ដោយមុនពេលកើតហេតុជនដៃដល់ គាត សំណាង ព្រមទាំងបក្ខពួកមានឈ្មោះ មាន លាងហ៊ី ជិះម៉ូតូម៉ាកSuzuki Let ឌុប ឈ្មោះ គាត សំណាង មានដាវ ០១ដើម , ឈ្មោះ ជ្រុយ វុទ្ធា ជិះម៉ូតូ ហុងដាឌ្រីម បិតស្កុតខ្មៅពុំចាំម៉ាក ឌុបឈ្មោះ យឹម ឌីណា មានដាវ០២ដើម ,ហើយឈ្មោះ ហោ សោភ័ណ្ឌ ជិះម៉ូតូម៉ាកហុងដានិច ឌុបឈ្មោះ ជី សិលា មានដាវ ០១ដើម ។ ដោយពួកគេជួបជុំគ្នា និងធ្វើដំណើរក្នុងគោលបំណងទៅលេងបុណ្យវត្តកោះទៀវ នៅពេលដែលឈ្មោះ មាន លាងហ៊ី ឌុបឈ្មោះ គាត សំណាង ជិះទៅមុន ដល់ចំណុចខាងត្បូងស្ពានព្រែកទីវ ស្ថិតក្នុងភូមិកោះទៀវ (ខ) ឃុំសំពៅពូន ក៏បានជួបជនរងគ្រោះជិះម៉ូតូម៉ាកហុងដានិច ជ្រួសផ្លូវគ្នា ហើយជនរងគ្រោះកំពុងតែជិះ និងនិយាយទូរស័ព្ទ។ ពេលនោះពួកគេក៏បន្តដំណើរទៅមុខទៀត រហូតដល់ជិតវត្តកោះទៀវ ក៏ឃើញមានបក្ខពួករបស់ជនរងគ្រោះឈរនៅមុខក្លោងទ្វាវត្តកោះទៀវ ដោយមានកាន់ពូថៅ និងដុំថ្ម ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ក៏បានឌុប គាត សំណាង ជិះត្រលប់បកក្រោយវិញ ហើយជនដៃដល់ គាត សំណាង បានដកដាវពីក្រោមគូទលើកែបម៉ូតូមកកាន់ ដោយជិះម៉ូតូយ៉ាងលឿនមកដល់ចំណុចកើតហេតុខាងលើ ពួកគេបានឃើញជនរងគ្រោះ ឈ្មោះ ចេក ភាព កំពុងឈប់ម៉ូតូ ឈរលើម៉ូតូដៃម្ខាងកាន់ទូរស័ព្ទនិយាយ ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ស្រែកថាកាប់ទៅគ្នាវាហើយ រំពេចនោះ ឈ្មោះ គាត សំណាង បានយកដាវនោះកាប់ទៅលើឈ្មោះ ចេក ភាព ០១ដាវ ត្រូវចំក រួចក៏ជិះម៉ូតូយ៉ាងលឿងជែងឡានធំ រួចហើយ គាត សំណាង បានទូរស័ព្ទប្រាប់ឈ្មោះ យឹម ឌីណា ថាខ្លួនបានកាប់គេបានហើយ មិនដឹងស្លាប់ ឬរស់ទេ ហើយបានបន្តដំណើរដល់ចំណុចស្ពានក្បាលកោះទៀវ ក៏បានជួបនិងបក្ខពួកខ្លួនដែលជិះពីលើមក រួចក៏បាននាំគ្នាជិះទៅជួបជុំគ្នានៅវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
ដោយនៅទីនោះ គាត សំណង បាននិយាយពីរឿងហេតុកាប់ឈ្មោះ ចេក ភាព ជាមួយនិងបក្ខពួក តើគួធ្វើយ៉ាងណាបើកាប់គេហើយ? បន្ទាប់មកពួកគេក៏បាននាំគ្នាយកដាវដែលកាប់ និងដាវ ០១ទៀត ទៅផ្ញើនៅនិងមិត្តភក្ដិពួកគេម្នាក់ទៀតឈ្មោះ វ៉ាន់ សំណាង អោយយកទៅទុក ។

លុះព្រឹកឡើងថ្ងៃទី១៧ ស្អែកឡើង ជនដៃដល់ គាត សំណាង បានទទួលដំណឹងថា ជនរងគ្រោះដែលខ្លួនកាប់ពីយប់នោះ បានស្លាប់បាត់ហើយ រួចជនដៃដល់រូបនេះបានទូរស័ព្ទទៅឈ្មោះ វ៉ាន់ សំណាង អោយយកដាវនោះទៅបោះចោលទៅ ព្រោះឈ្មោះ ចេក ភាព ដែលខ្លួនកាប់នោះស្លាប់បាត់ហើយ ។ លុះនៅវេលាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង១០នាទី ទើបសមត្ថកិច្ចនគរបាលស្រុកកោះធំ ស្រាវជ្រាវរហូតចាប់បានបក្ខពួកជនសង្ស័យខាងលើជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តកណ្តាលបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ អត្តបទ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ