នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិ​ល​ស្រាល​បង្ហាញមុខ​ជន​បង្ក​វាយ​លោក​ បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​

659

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បានធ្វើសន្និសីទបង្ហាញមុខជនសង្ស័យ ចំនួន៣នាក់ដែលពាក់ព័ន្ធករណីហិង្សារដោយចេតនា មានស្ថានទម្ងន់ទោស និងអំពើធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាមានស្ថានទម្ងន់ទោស វាយនិងគប់ដុំថ្មបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម និងវាយរថយន្តបណ្តាលឲ្យខូចខាតស្ទើទាំងស្រុង នៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវលេខ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

18-10

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថាក្រុមជនសង្ស័យមានគ្នាចំនួន១១នាក់ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន៣នាក់ រួមមានទី១.ឈ្មោះ អាន វិនទី ហៅទី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទង ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក, ទី២.ឈ្មោះ យាត ទិត្យា ហៅយ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវទី៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅចំណុចភ្លើងស្តុបភោជនីយដ្ឋានឈូកទិព្វ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងជនសង្ស័យទី៣.ឈ្មោះ អាន ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់រ៉ឺម៉កកង់៣ ស្នាក់នៅផ្ទះលេខ២៥៤១ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៧និង១០នាទី សមត្ថកិច្ចខេត្តកំពង់ធំឃាត់ខ្លួនៅចំណុចឃុំល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។ ចំណែកបក្ខពួកដែលនៅសេសសល់កម្លាំងជំនាញកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សម្ភារៈដកហូតរួមមានៈ ម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌សបិតពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GE-4674 និងមួយគ្រឿងទៀតម៉ាកហុងដា Beat ពណ៌ខៀវ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-5211។

សូមរំលឹកថាៈ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានតាមដេញវាយប៉ុនប៉ងសម្លាប់លោកសាស្ត្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ហើយបានវាយកម្ទេចរថយន្តរបស់លោក ដោយចោទប្រកាន់ថា បានបើកបុករះសម្លាប់មនុស្ស២-៣នាក់ ពីផ្លូវក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រួចបើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចបដិសេធថា មិនមានមនុស្សស្លាប់ឡើយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីបានមានប្រសាសន៍លើកឡើងថា អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត តែអ្នកវាយអ្នកបើកបរវិញ ក៏ត្រូវតែទទួលទោសតាមច្បាប់ព្រហ្មទណ្ឌដែរ។ «យើងពិនិត្យឃើញថាជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម។ ជនល្មើសបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ «ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ»។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

17-11